នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ឯកឧត្តមបណ្ឌិត ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានអនុញ្ញាតឱ្យលោក WU CHUANBING ទីប្រឹក្សាស្ថានទូតចិន ប្រចាំកម្ពុជា ចូលសម្តែងការគួរសម នៅក្នុងជំនួបដ៏មានសារសំខាន់រវាងឯកឧត្តមបណ្ឌិត និងទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា ។

សូមរំលឹកថាប្រទេសចិននិងកម្ពុជាជាប្រទេសជិតខាងដ៏មេត្រីភាពប្រទេសទាំងពីរមានមិត្តភាពប្រពៃណីដ៏យូរអង្វែតាំងតែថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៥៨ ប្រទេសចិននិងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ក្នុងរយៈពេល៦៣ឆ្នាំមកនេះ ចំណងមិត្តភាពចិន-កម្ពុជាដែលបង្កើតឡើង និងពូនជ្រំយ៉ាងយកចិត្តទុកដាក់ដោយមេដឹកនាំនៃប្រទេសទាំងពីរបានឆ្លងកាត់បម្រែបម្រួលនៃស្ថានការណ៍អន្តរជាតិគ្រប់យ៉ាង ហើយមានភាពកាន់តែរស់រវើក។

ចាប់តាំងពីជំងឺកូវីដ១៩បានផ្ទុះឡើង ប្រទេសទាំងពីរបានជួយគ្នាទៅវិញទៅមក ដើម្បីពុះពារឧបសគ្គជាមួយគ្នា ដែលបានបង្កើតជាគំរូសម្រាប់សហគមន៍អន្តរជាតិក្នុងការសហការគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ប្រទេសចិនបានចាត់បញ្ជូនក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងជំងឺឆ្លងជាច្រើនលើកមកកាន់ប្រទេសកម្ពុជា និងបានបរិច្ចាគសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាច្រើនលើក។រហូតមកដល់ពេលនេះ ប្រទេសចិនបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ១៥៧០ម៉ឺនដូសដល់កម្ពុជា ដែលក្នុងនោះ មាន២២០ម៉ឺនដូសជាការបរិច្ចាគដោយឥតគិតថ្លៃ។

ដោយគីរីដងរែក