កំពង់ធំះ នៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានធ្វើការត្រួតពិនិត្យនិងដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងចម្រុះដែលកំពុងប្រចាំការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងតំបន់ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងនៅក្នុងតំបន់ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបន្តធ្វើសកម្មភាពឲ្យដូចភ្លៀងរលឹមដើម្បីបង្ក្រាបឲ្យបាននូវឧបករណ៍នេសាទល្មើសច្បាប់នៅក្នុងរដូវបិទនេសាទឆ្នាំ២០២៦ នេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ សម្ដេចប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់ឯកឧត្ដមប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបឲ្យបាននូវរាល់បទល្មើសនេសាទខុសច្បាប់ ។ ខេត្តកំពង់ធំបានរៀបចំកម្លាំងចម្រុះដែលមានកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ បង្កើតទីបញ្ជាការស្រាលចំនួន ២ គោលដៅ នៅតំបន់មាត់បឹងទន្លេសាប ស្ថិតក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ហើយកន្លងទៅនេះ កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលទាំងពីរ បានធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ ដោយក្នុងរយៈពេលជាង ២ឆ្នាំកន្លងទៅនេះ បានបំផ្លាញចោលរបាំងស្បៃមុង និងរបាំស្បៃអួនខុសច្បាប់បានប្រវែងរាប់ម៉ឺនម៉ែត្រ ព្រមទាំងឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនទៀត ពិសេសឧបករណ៍ឆក់ត្រី ត្រូវបានរឹបអូស និងជនសង្ស័យមួយចំនួនត្រូវបានចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលទាំង ២ គោលដៅ នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ដឹកនាំដោយលោកអនុសេនីយ៍ឯកហែម ថន និងនៅឃុំពាមបាង ស្រុកស្ទោង ដឹកនាំដោយលោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានធ្វើសកម្មភាពកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ ដែលមានរបាំងស្បែមុង និងរបាំងស្បៃអួនបានប្រវែងប្រមាណ ៦១០ម៉ែត្រ ឡុកស្បៃមុងចំនួន ៣៦គ្រឿង លប ឬលូស្បៃមុងចំនួន ៣៧មាត់ បង្គោលឈើប្រមាណ ៣៥០ដើម ព្រមទាំងបានចាក់លែងកូនត្រីចម្រុះមួយចំនួនប្រមាណ ៥៥ គីឡូក្រាម ដែលកំពុងដាក់ធ្វើសកម្មភាព ក្នុងរដូវបិទនេសាទ ដែលជារយៈពេលត្រីកំពុងពងកូន និងបានបញ្ជាឲ្យកងកម្លាំងទាំងអស់ត្រូវសហការបន្តធ្វើសកម្មភាពឲ្យដូចភ្លៀងរលឹម ដើម្បីធ្វើឲ្យផលត្រីរបស់យើងបានសម្បូរឡើងវិញ សម្រាប់បម្រើសេចក្ដីត្រូវការ ជូនប្រជាជនកម្ពុជានៅទូទាំងប្រទេស៕





ដោយលោក សំនៀង គិរីដងរែក




