មន្ត្រីជាន់ខ្ពស់មួយរូបនិយាយថា ទាហានអ៊ុយក្រែនរហូតដល់ទៅ ១៣០០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពី រុស្ស៊ីបើកការវាយលុក។
លោក Mykhailo Podolyak ដែលជាទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថា ទាហានចន្លោះពី ១០០០០ ទៅ ១៣០០០នាក់បានស្លាប់។
ថ្លែងទៅកាន់ទូរទស្សន៍អ៊ុយក្រែនប៉ុស្តិ៍លេខ២៤ លោក Podolyak បាននិយាយថា ទីក្រុង កៀវ កំពុងនិយាយដោយបើកចំហអំពីតួលេខអ្នកស្លាប់។
កាលពីខែមិថុនា លោកបានបង្ហើបថា ទាហានអ៊ុយក្រែនពី ១០០ទៅ ២០០នាក់ បានស្លាប់ជារៀងរាល់ថ្ងៃ។
លោក Mykhailo Podolyak
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសុន្ទរកថាជាវីដេអូមួយកាលពីថ្ងៃពុធ ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula Von der Leyen បាននិយាយថា ទាហានអ៊ុយក្រែនរហូតដល់ទៅ ១០០ ០០០នាក់ឯណោះត្រូវបានសម្លាប់ ប៉ុន្តែក្រោយមក អ្នកនាំពាក្យគណៈកម្មការសហភាពអឺរ៉ុប បានបំភ្លឺថា នេះជាកំហុស ហើយតួលេខនេះគឺសំដៅទៅលើទាំងអ្នកស្លាប់ និងរបួស។
ដោយឡែក កាលពីខែមុន ឧត្តមសេនីយ៍ជាន់ខ្ពស់របស់សហរដ្ឋអាមេរិក លោក Mark Milley បាននិយាយថា ទាហានរុស្ស៊ីប្រហែល ១០០ ០០០នាក់និង អ៊ុយក្រែន ១០០ ០០០នាក់ ត្រូវបានសម្លាប់ ឬរងរបួសចាប់តាំងពីសង្គ្រាមចាប់ផ្តើម៕



ប្រភព Anadulo Angency ប្រែសម្រួលដោយគីរីដងរែក




