36.2 C
Phnom Penh
Tuesday, March 10, 2026
- Advertisement -spot_img

អ៉ីស្រាអែល ៖ អ៉ីរ៉ង់អាចជាអ្នកនៅពីក្រោយការវាយប្រហារលើកប៉ាល់ដឹកប្រេង

- Advertisement -spot_img

(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា អ៉ីរ៉ង់ជា អ្នកនៅពីក្រោយការវាយប្រហារលើកប៉ាល់ដឹកប្រេងមួយ កាលពីសប្តាហ៍មុន។

ការវាយប្រហារលើកប៉ាល់ដឹកប្រេងមានឈ្មោះថា Campo Square ដែលមានទង់ជាតិរបស់ប្រទេសលីបេរីយ៉ា ត្រូវបានបញ្ជាក់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយកាពីតែនកប៉ាល់ នេះបានឲ្យដឹងថា វាបានរងការខូចខាតស្រាល ដោយសារតែត្រូវវត្ថុហោះពីលើអាកាសធ្លាក់ចំ ខណៈពេលកំពុងធ្វើដំណើរកាត់សមុទ្រអារ៉ាប់ កាលពីថ្ងៃទី១០ ខែកុម្ភៈ។ កប៉ាល់ ដឹកប្រេងនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដឹកជញ្ជូន ហ្សូឌីក ម៉ារីទីម (Zodiac Maritime) របស់មហាសេដ្ឋីអ៊ីស្រាអែលម្នាក់ គឺ លោក អាយ៉ាល អហ្វហ្វឺ (Eyal Ofer)។

ក្នុងកិច្ចប្រជុំគណរដ្ឋមន្រ្តីប្រចាំសប្តាហ៍ លោក ណេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ថា «កាលពីសប្តាហ៍មុន អ៉ីរ៉ង់បានវាយប្រហារម្តងទៀតលើកប៉ាល់ដឹកប្រេងនៅឈូងសមុទ្រពែរ្ស ដែលធ្វើឲ្យប៉ះពាល់ដល់សេរីភាពនាវាចរណ៍អន្តរជាតិ»។ ក៏ប៉ុន្តែ ទីក្រុងតេហេរ៉ង់បានច្រានចោលការចោទប្រកាន់ថា ខ្លួននៅពីក្រោយការវាយប្រហារស្រដៀងគ្នានេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ។

គួរបញ្ជាក់ថា ក្រុមហ៊ុនសន្តិសុខដែនសមុទ្ររបស់អង់គ្លេស អាប្រេ អ៉ីនធឺលីជេន (Ambrey Intelligence) បានឲ្យថាយន្ដហោះដ្រូនមិនស្គាល់អត្តសញ្ញាណបានវាយប្រហារលើ កប៉ាល់ដឹកប្រេងពីរគ្រឿង និងកប៉ាល់ដឹកទំនិញដ៏ធំមួយនៅសមុទ្រអារ៉ាប់ ហើយបានវាយតម្លៃថាវាជាសកម្មភាពរបស់ទីក្រុងតេហេរ៉ង់។ កប៉ាល់ដឹកប្រេងចំនួន២គ្រឿង មានមួយជារបស់អ៊ីស្រាអែល ហើយមួយទៀតជាកម្មសិទ្ធិរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម៕

ប្រភព Aljazeera ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img