ប្រទេសអូស្រ្តាលីបានបង្ហាញឆន្ទះមុះមុត នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសកម្ពុជា ទំាងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្រា្តលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា អូស្រ្តាលីបានគំាទ្រចំពោះយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងការអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់សុខមាលភាពពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពពលរដ្ឋ និងសមភាពយេនឌ័រ ធ្វើកំណែទម្រង់និងអភិបាលកិច្ច ពង្រឹងវិស័យសន្តិសុខនិងការពារជាតិ ជាដើម។

ក្នុងជំនួបដែលធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងការកោតសរសើរដល់កម្ពុជា បានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងកម្លំាងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩១ ទៅជាប្រទេសដែលបានបញ្ជូនកងកម្លំាងថែរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ទៅចូលរួមថែរក្សាសុខសន្តិភាព នៅតាមប្រទេសជាច្រើន នៅលើសកលលោកវិញ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគំាទ្រការលើកឡើងរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតដែលបានលើកឡើងថាកម្ពុជា បានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលយកកងរក្សាសន្តិភាព ហើយបានក្លាយជាប្រទេសដែលសកម្មនៅក្នុងការបញ្ជួនកងកម្លំាងថែរក្សាសន្តិភាពទៅកាន់ប្រទេសនានា ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ។ សម្តេចបានគូសបញ្ជាក់ពីតម្លៃសន្តិភាព ថាមានសារៈសំខាន់គ្មានអ្វីប្រៀបបានឡើយ សម្រាប់មនុស្សជាតិទំាងអស់។ កម្ពុជាធ្លាប់បានហែលឆ្លងទុក្ខលំបាកពីសង្រ្គាមដូច្នេះមិនចង់ឱ្យប្រទេសនានានៅក្នុងពិភពលោកជួបសង្រ្គាម ទទួលសោកនាដកម្មដូចកម្ពុជាកាលពីអតីតកាលឡើយ។






ដោយគិរីដងរែក




