អូស្រ្តាលី៖ ប្រទេសអូស្ត្រាលី នឹងប្រកាសពីផែនការទាក់ទងនាវា មុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរនៅដើមឆ្នាំ ២០២៣ខាងមុខ។ សេចក្តីប្រកាសនេះនឹងរួមបញ្ចូលផងដែរពីពេលវេលានៃការមកដល់ដី អូស្ត្រាលីរបស់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ក្រោម កិច្ចព្រមព្រៀងសម្ព័ន្ធភាពសន្តិសុខត្រីភាគីជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ឬដែលហៅកាត់ថាអូឃឹស៍ (AUKUS)។
បើតាមរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក រីឆាត ម៉ាលេស (Richard Marles) គេមិនអាចផលិតនាវាមុជទឹកដើរដោយ ថាមពល នុយក្លេអែរក្នុងរយៈពេលខ្លីបានទេ។ ដូច្នេះហើយសំណួរដែលថាតើអូស្ត្រាលី អាចនឹងមាននាវាប្រភេទនេះដំបូងនៅក្នុងដៃ នៅពេលណាទៅនោះ គឺជារឿងដែលអូស្ត្រាលីយកចិត្តទុកដាក់ខ្លាំងណាស់។
អូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានប្រកាសកិច្ច ព្រមព្រៀង សន្តិសុខមួយដែលមានឈ្មោះថា Aukus កាលពី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១ ដោយប្តេជ្ញាថានឹងសហការគ្នា យ៉ាង ជិត ស្និទ្ធបន្ថែមទៀតលើវិស័យការពារជាតិ និងការស្រាវជ្រាវ។
សម្ព័ន្ធត្រីភាគី Aukus នេះ ត្រូវបានគេដឹងដែរថាបង្កើតឡើងក្នុង គោលដៅទប់ទល់នឹងការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។
ស្ថិតក្រោមកិច្ចព្រមព្រៀងរវាងគ្នា អាមេរិក-អង់គ្លេស នឹងធ្វើការ ជាមួយ អូស្ត្រាលីដើម្បីជួយសាងសង់ និងរក្សាកងនាវានៃនាវា មុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ព្រមទាំងជួយពង្រីកលទ្ធភាព យោធារបស់អូស្ត្រាលីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ម៉ាលេស ឯទីក្រុង ហូណូលូលូលើកោះហាវ៉ៃ កាលពីសប្តាហ៍មុន ប្រមុខការពារជាតិ អាមេរិក ឡយដ៍ អូស្ទីន បានលើកឡើងជាថ្មីនូវការទាញសញ្ញា អាសន្នរបស់ក្រុងវ៉ាស៊ីនតោន អំពីការពង្រីកតួនាទីរបស់ចិន។
លោកអូស្ទីន បានគូសបញ្ជាក់ពីក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះ សកម្មភាពយោធាដ៏ខ្លាំងក្លា និងអស្ថិរភាពដែលបង្កឡើងដោយចិន នៅច្រកសមុទ្រតៃវ៉ាន់ និងកន្លែងផ្សេងទៀតនៅក្នុងតំបន់ ព្រមទាំង សកលលោក។
ទន្ទឹមនេះរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី បាននិយាយថា ចិនកំពុង ប្រឹង ប្រឹងរៀបចំសណ្តាប់ធ្នាក់ពិភពលោកថ្មីដែលគេមិនធ្លាប់បានឃើញពីមុនមក។
ការណ៍នេះបង្កឱ្យមានបញ្ហាប្រឈមសម្រាប់ប្រទេសដែលកំពុងស្វែងរកការរក្សាសណ្តាប់ធ្នាប់ដោយផ្អែកលើច្បាប់សកល រួមទាំង សេរីភាពនៃការធ្វើចរាចរណ៍លើដែនសមុទ្រ។
គួរជ្រាបថា កិច្ចព្រមព្រៀង Aukus រងការរិះគន់ជាខ្លាំងពី ប្រទេស ចិន។ ចិន បានអះអាងថា សម្ព័ន្ធត្រីភាគី Aukus (អូស្ត្រាលី អាមេរិក និងអង់គ្លេស) ដែលផ្តល់ឱ្យអូស្ត្រាលីនូវបច្ចេកវិទ្យានាវាមុជ ទឹកដើរ ដោយ ថាមពលនុយក្លេអ៊ែរ បំពានលើសន្ធិសញ្ញាអន្តរជាតិមិនរីក សាយភាយអាវុធនុយក្លេអ៊ែរ។
ប៉ុន្តែ នាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក រ៉ាហ្វាអែល ម៉ារៀណូ ក្រូស៊ី បែរនិយាយថា លោកពេញចិត្តនឹង ការបង្កើតសម្ព័ន្ធភាពត្រីភាគីរវាងអូស្ត្រាលី អាមេរិក និងអង់គ្លេស ទៅវិញ។ ភ្លាមមួយរំពេច ចិនបានចោទប្រកាន់ទីភ្នាក់ងារនេះថា បានបិទភ្នែកបិទត្រចៀក ធ្វើមិនដឹងមិនឮពីក្តីព្រួយបារម្ភរបស់ អន្តរជាតិ ជុំវិញការប្រជែងសព្វាវុធ និងការរីកសាយភាយ អាវុធនុយក្លេអ៊ែរ៕



ដោយគីរីដងរែក




