កាសែត The Wall Street Journal រាយការណ៍ថា អាជ្ញាធរអាមេរិកមានការព្រួយបារម្ភ ពីលំហូរនៃអាវុធទៅកាន់អ៊ុយក្រែន អាចបណ្តាលឲ្យមានឱនភាព នៅក្នុងលក្ខខណ្ឌនៃផែនការរយៈពេលវែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបំពាក់អាវុធដល់តៃវ៉ាន់ ចំពេលមានភាពតានតឹងកើនឡើងជាមួយប្រទេសចិន ។
ប្រភពបានប្រាប់កាសែត Wall Street Journal ថា អាវុធប្រឆាំងរថក្រោះ Javelin ចំនួន ១០៨ ដើមដែលបានបញ្ជាទិញក្នុងខែធ្នូ ឆ្នាំ ២០១៥ ក៏ដូចជាមីស៊ីល Stinger ចំនួន ២១៥ ដើមដែលត្រូវបានបញ្ជាទិញក្នុងឆ្នាំដដែលនោះ មិនទាន់មកដល់កោះតៃវ៉ាន់នៅឡើយទេ ។
ក្រុមហ៊ុនការពារជាតិ រួមទាំងក្រុមហ៊ុន Lockheed Martin Corp. និងក្រុមហ៊ុន Boeing Co. បានចង្អុលបង្ហាញថា ការផលិតអាវុធមានការធ្លាក់ចុះ តាំងតែពីមុនពេលដែលរុស្ស៊ី ចាប់ផ្តើមប្រតិបត្តិការពិសេសរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនមកម្ល៉េះ ក្នុងនោះផ្នែកមួយនៃការធ្លាក់ចុះខ្សែសង្វាក់ផ្គត់ផ្គង់នេះ គឺដោយសារតែបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ ។
ក្នុងពេលជាមួយគ្នានេះ ទាំងក្រសួងការបរទេសអាមេរិក និងមន្ទីរបញ្ចកោណ មិនបានទទួលស្គាល់ការធ្លាក់ចុះ ទាក់ទងនឹងការផលិត ក៏ដូចជាការដឹកជញ្ជូន និងការផ្គត់ផ្គង់អាវុធទៅឲ្យតៃវ៉ាន់នោះទេ ។
គួរបញ្ជាក់ថា គិតត្រឹម ខែ ធ្នូ ឆ្នាំ ២០២១ ការ នាំ ចេញអាវុធ របស់សហរដ្ឋអាមេរិកទៅកាន់កោះ តៃវ៉ាន់ មាន ចំនួន ជាង ១៤ ពាន់ លាន ដុល្លារ ហើយ បាន កើន ឡើង ដល់ ១៨.៧ ពាន់ លាន ដុល្លារ ៕




ប្រភព The Wall Street Journal ប្រែសម្រួលដោយគីរីដងរែក




