ភ្នាក់ងារគ្រឿងញៀនសហព័ន្ធសហរដ្ឋអាមេរិកនិយាយថា ក្នុងឆ្នាំ២០២២នេះ ពួកគេបានរឹបអូសបានសារធាតុ fentanyl ដែលគ្រប់គ្រាន់ក្នុងការសម្លាប់ជនជាតិអាមេរិកគ្រប់រូប។
រដ្ឋបាលប្រឆាំងគ្រឿងញៀន (DEA) និយាយថា ពួកគេបានរឹបអូសថ្នាំ fentanyl ដ៏សាហាវចំនួន៣៧៩លានដូស។
DEA បានអះអាងថា សារធាតុញៀននេះ មានឥទ្ធិពលខ្លាំងជាងហេរ៉ូអ៊ីនរហូតដល់ទៅ៥០ដង ហើវាជាគ្រឿងញៀនសាហាវបំផុតដែល សហរដ្ឋអាមេរិកកំពុងប្រឈមមុខ។
ទីភ្នាក់ងារនេះនិយាយថា ភាគច្រើននៃសារធាតុ fentanyl ត្រូវបានជួញដូរចូលសហរដ្ឋអាមេរិកពីប្រទេសម៉ិកស៊ិក។
ទីភ្នាក់ងារនេះបន្តថា គ្រឿងញៀនភាគច្រើន ត្រូវបានផលិតឡើងនៅរោងចក្រសម្ងាត់ក្នុងប្រទេសម៉ិកស៊ិក ដោយក្រុមជួញដូរគ្រឿងញៀន Sinaloa និង Jalisco ដែលពួកគេប្រើប្រាស់សារធាតុគីមីដែលមានប្រភពនៅក្នុងប្រទេសចិន។
ជនជាតិអាមេរិកជាង ១០០ ០០០នាក់ បានស្លាប់ដោយសារការប្រើប្រាស់ថ្នាំលើសកម្រិតកាលពីឆ្នាំមុន ហើយពីរភាគបីត្រូវបានគេសន្មតថាជាថ្នាំ fentanyl។ ទីភ្នាក់ងារគ្រឿងញៀននិយាយថា បរិមាណនៃសារធាតុ fentanyl ដែលរឹបអូសបាននៅឆ្នាំនេះ គឺគ្រប់គ្រាន់ដើម្បីសម្លាប់ពលរដ្ឋទាំង ៣៣០លាននាក់នៅក្នុងសហរដ្ឋអាមេរិក។
បន្ថែមពីលើសារធាតុ Fentanyl, DEA ក៏រឹបអូសបានថ្នាំញៀនមេតំហ្វេតាមីនចំនួន ១៣១,០០០ ផោន, ហេរ៉ូអ៊ីនជាង ២តោន និងកូកាអ៊ីនជាង ២២២តោន៕



ប្រភព Local News ប្រែសម្រួលដោយគីរីដងរែក




