មហាសន្និបាតនៃអង្គការសហប្រជាជាតិ (UN) បានអនុម័តសេចក្តីសម្រេចមួយ ដែលនឹងឈាន ទៅបង្កើតស្ថាប័នឯករាជ្យ ដើម្បីស្រាវជ្រាវឱ្យច្បាស់លាស់អំពីជោគវាសនា របស់មនុស្សប្រហែលជាង១៣០,០០០នាក់ ដែលបានបាត់ខ្លួន ដោយសារតែជម្លោះនៅក្នុងប្រទេសស៉ីរី។
មហាសន្និបាត UN នៅក្នុងសំឡេង៨៣គាំទ្រ ១១ប្រឆាំង ៦២អនុបវាទ។ ក្នុងចំណោម ប្រទេសដែលជំទាស់សេចក្តីសម្រេចនេះ រួមមានដូចជា ស៉ីរីផ្ទាល់ដែលបាននិយាយថា ខ្លួននឹងមិនផ្តល់កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នថ្មីនោះឡើយ។ ចំណែករុស្ស៉ី ចិន បេឡារុស កូរ៉េខាងជើង គុយបា និងអ៉ីរ៉ង់ ក៏បានបោះឆ្នោតប្រឆាំងផងដែរ។
តាមរយៈការអនុម័តសេចក្តីសម្រេចនោះ ស្ថាប័នឯករាជ្យនៃបុគ្គលដែលបាត់ខ្លួននៅប្រទេសស៉ីរី នឹងត្រូវបង្កើតឡើងនៅក្រោមឆត្ររបស់ UN ដើម្បីស្រាវជ្រាវឱ្យច្បាស់លាស់ អំពីជោគវាសនានិងទីកន្លែងរបស់មនុស្សទាំងនោះ និងដើម្បីផ្តល់ការគាំទ្រឱ្យគ្រប់គ្រាន់សម្រាប់ ជនរងគ្រោះ អ្នកដែលនៅមានជីវិត ព្រមទាំងក្រុមគ្រួសាររបស់អ្នកបាត់ខ្លួន។
សង្រ្គាមស៉ីវិល នាពេលនេះកំពុងស្ថិតក្នុងឆ្នាំទី១៣ ហើយបានសម្លាប់ជីវិត មនុស្សជិតកន្លះលាននាក់ ព្រមទាំងធ្វើឱ្យប្រជាជនប្រមាណជាពាក់កណ្តាល នៃចំនួនប្រជាជនសរុប២៣នាក់ កាលពីមុនមានសង្រ្គាមរបស់ ប្រទេសនេះ ត្រូវព្រាត់ប្រាសពីផ្ទះសម្បែងរបស់ពួកគេ។
មកទល់ពេលនេះ រដ្ឋាភិបាលស៉ីរីមិនធ្លាប់សហការ ជាមួយស្ថាប័នអន្តរជាតិដែលមានស្រាប់ណាមួយ ដែលព្យាយាមស្រាវជ្រាវលើបុគ្គល ដែលបាត់ខ្លួនទាំងនោះឡើយ៕



ប្រភព Aljazeera ប្រែសម្រួលដោយគិរីដងរែក




