នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ត្រូវបានផាកពិន័យ ចំពោះការមិនពាក់ខ្សែក្រវាត់សុវត្ថិភាពក្នុងឡានខណៈពេលលោកថតវីដេអូបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម។
ការិយាល័យនាយករដ្ឋមន្ត្រី បាននិយាយថា លោក Sunak ទទួលកំហុសទាំងស្រុង ហើយបានសុំទោស។ លោកនឹងបង់ប្រាក់ពិន័យ។
គួរបញ្ជាក់ថាអ្នកដំណើរដែលមិនពាក់ខ្សែក្រវាត់សុវត្ថិភាពអាចត្រូវផាកពិន័យជាទឹកប្រាក់ចំនួន ១០០ ផោន (១២៣ដុល្លារ)។ ប្រាក់ពិន័យនឹងកើនដល់ ៥០០ផោន (៦១៩ដុល្លារ) ប្រសិនបើករណីនេះឡើងទៅតុលាការ។
លោក Sunak កំពុងស្ថិតក្នុងតំបន់ Lancashire នៅពេលដែលវីដេអូនេះត្រូវបានថត អំឡុងពេលធ្វើដំណើរឆ្លងកាត់ភាគខាងជើងនៃប្រទេសអង់គ្លេស។ វីដេអូនេះគឺដើម្បីផ្សព្វផ្សាយអំពីការបង្កើនកម្រិតចំណាយរបស់រដ្ឋាភិបាល ហើយត្រូវបានបង្ហោះនៅលើគណនី Instagram របស់លោក Sunak។
នេះជាលើកទីពីរហើយដែលលោក Sunak ត្រូវពិន័យនៅក្នុងជួររដ្ឋាភិបាល។ កាលពីខែមេសាឆ្នាំមុន លោកត្រូវបានពិន័យរួមជាមួយលោក Boris Johnson និងភរិយា Carrie សម្រាប់ការបំពានច្បាប់រឹតត្បិតកូវីដ ដោយសារចូលរួមក្នុងពិធីខួបកំណើតអតីតនាយករដ្ឋមន្រ្តីក្នុងវិមាន Downing Street នៅខែមិថុនាឆ្នាំ២០២០៕


ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក




