24.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

ឡាវ ប្រគល់ដំរីញីឈ្មោលមួយគូជូនដល់កម្ពុជា ជាចំណងមិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជាតិទាំងពីរ

- Advertisement -spot_img

ភ្នំពេញ ៖ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នូវដំរីមួយគូដែលមានឈ្មោះថា ចំប៉ា និងរំដួលដើម្បីជានិមិត្តរូបចំណងមិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជាតិនៃប្រទេសទាំងពីរ។ ពិធីប្រគល់ និងទទួលសត្វដំរីមួយគូនេះបានធ្វើឡើងកាលពីថ្ងៃទី១២ ខែឧសភាឆ្នាំ២០២៤នេះនៅឧទ្យានសួនសត្វព្រៃការពារនិងសួនភូតគាម «ភ្នំតាម៉ៅ»
ដោយមានការអញ្ជើញជាអធិបតីភាពពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក LinkhamDOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្មនិងព្រៃឈើនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។សូមបញ្ជាក់ជូនផងដែរថា សត្វ ដំរីញី-ឈ្មោលមួយគូនេះ មានប្រភពមកពីស្រុក Thongmixayខេត្តXaigna-bouli សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដែលក្នុងនេះដំរីញីឈ្មោះ «រំដួល»កើតនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២០ (អាយុ ៣ឆ្នាំ ៩ខែ) ។

ចំណែកដំរីឈ្មោល ឈ្មោះ «ចំប៉ា»កើតនៅថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២០(អាយុ ៣ឆ្នាំ ៧ខែ តាមការបង្ហាញឱ្យដឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថា ក្រសួងបានរៀបចំសាងសង់តុបតែងទ្រុងនៅ ឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ»សម្រាប់ដំរីមួយគូនេះ។ទ្រុងវាត្រូវបានសាងសង់យ៉ាងសម្រិតសម្រាំង និងធំទូលាយមានទំហំបណ្តោយ៥០ម៉ែត្រទទឹង៣០ម៉ែត្រនិងកម្ពស់១,៣ម៉ែត្រជាមួយនឹងរោងសម្រាប់ដំរីដេកទំហំបណ្តោយ១២ម៉ែត្រនិងទទឹង៦ម៉ែត្រនិងអាងទឹកមួយនៅក្នុងទ្រុងនេះផងដែរដើម្បីឱ្យដំរីត្រាំនិងលេងទឹកនៅក្នុងតំបន់ព្រៃឈើ សមស្រប តាមលក្ខណៈជីវសាស្ត្ររបស់សត្វដំរីអាស៊ីដែលរស់នៅស្រដៀងទៅនឹងព្រៃធម្មជាតិនិងមានសុខុមាលភាពល្អ។

លើសពីនេះ ភាគីឡាវក៏បានបញ្ជូនហ្មដំរីចំនួន០២នាក់គឺលោកSAK SI OBONនិងលោកVILAIXAINGAVONG ដើម្បីជួយមើលថែរក្សាសត្វដំរីមួយគូនេះក្នុងរយៈពេល៦ខែនៅក្នុងតំបន់ឧទ្យានសួនសត្វព្រៃការពារនិងសួនភូតគាម«ភ្នំតាម៉ៅ»។បុគ្គលិកនិងបសុពេទ្យភាគីកម្ពុជា ដែលពោរពេញទៅដោយបទពិសោធន៍នឹងថែទាំពិនិត្យសុខភាពនិងផ្តល់ចំណីឱ្យបានគ្រប់គ្រាន់ដោ យ ធ្វើយ៉ាងណាឱ្យសត្វដំរីទាំងពីរមានសុខុមាលភាពល្អ។សូមរំលឹកផងដែរថានាឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានាថ្ងៃទី២៣-២៤ខែមេសា ឆ្នាំ២០២៤កន្លងមកនេះ លោក Thongloun SISOULITH ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្វាយនូវតង្វាយសត្វដំរីចំនួនមួយគូ ញីមួយ និងឈ្មោលមួយ» ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រកម្ពុជាជាទីគោរពសក្ការៈ ដ៏ខ្ញុំខ្ពស់បំផុតដើម្បីជានិមិត្តរូបនៃចំណងសាមគ្គីភាពរវាងរដ្ឋាភិបាលនិងប្រជាជាតិទាំងពីរហើយព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យដោយសេចក្តីសោមនស្សជាអនេកទទួលតង្វាយសត្វដំរីមួយគូនេះ និងប្រោសព្រះរាជប្រទានជូនមករាជរដ្ឋាភិបាលកម្ពុជាដើម្បីដឹកនាំចាត់ចែងរៀបចំពិធីប្រគល់-ទទួលនិងទទួលចិញ្ចឹមថែរក្សាជាបន្ត។

បច្ចុប្បន្ននេះដែរ ឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម«ភ្នំតាម៉ៅ» មានសត្វដំរីញី-ឈ្មោលចំនួន ៤ក្បាលស្រាប់ក្នុងនោះញី២ក្បាល «ដំរីញី១ក្បាលឈ្មោះឡាក់គីមានអាយុ២៥ឆ្នាំនិង០១ ក្បាលទៀត ឈ្មោះ ចំរើន មានអាយុ ៣៥ឆ្នាំ» និងឈ្មោល ២ក្បាល «ដំរីឈ្មោល០១ ក្បាលឈ្មោះ ឈូកអាយុ១៨ឆ្នាំ និង ០១ក្បាលទៀតឈ្មោះសាគរមានអាយុ៣២ឆ្នាំ»ដែលកំពុងត្រូវបានថែទាំ និងផ្តល់ចំណីបានយ៉ាងល្អប្រសើរ ហើយដំរីទាំងពីរក្បាលដែលជាអំណោយរបស់ភាគីឡាវនឹងត្រូវថែរក្សាជាមួយនិងដំរីទាំង៤ក្បាលរបស់ឧទ្យានសួនសត្វ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img