30 C
Phnom Penh
Thursday, December 5, 2024
- Advertisement -spot_img

ស្នេហា អាពាហ៍ពិពាហ៍ និង ការលែងលះ

- Advertisement -spot_img

សិស្សម្នាក់បានសួរលោកគ្រូថា៖

-” លោកគ្រូ! តើអ្វីទៅជាស្នេហា?”

លោកគ្រូឆ្លើយថា៖

-” មុននឹងឆ្លើយ លោកគ្រូឲ្យកូនទៅវាលស្រែ រួចកូនរកបេះកួរស្រូវណា ដែលមានគ្រាប់ច្រើនជាងគេ តែពេលដែលកូនដើរហួសហើយ កូនមិនអាចវិលត្រឡប់ក្រោយ ដើម្បីមកបេះកួរស្រូវធំវិញបានទេ ណា!”

សិស្សដើរទៅវាលស្រែ ហើយបានឃើញកួរស្រូវដ៏ធំមួយ តែគេគិតថា ប្រហែលជាមានកួរ ដែលធំជាងនេះ នៅខាងមុខទៀត។

សិស្សឃើញកួរស្រូវធំៗ តែនៅតែគិតថា នៅខាងមុខ វាប្រាកដជាមានកួរស្រូវធំជាងនេះ។

នៅពេលដែលដើរដល់ចុងម្ខាងនៃស្រែ ទើបគេដឹងថា គេបានដើរហួសកួរស្រូវដែលធំ ហើយខកពេលបាត់ទៅហើយ។

ដូច្នេះ គេវិលត្រឡប់មកជួបលោកគ្រូដោយដៃទទេ។

លោកគ្រូពន្យល់ថា៖

-” នេះគឺជាស្នេហា! កូនតែងតែសម្លឹងរកមើលអ្វីដែលល្អបំផុត គឺកូនបានជួបមនុស្សល្អហើយកូនមិនចេះថែរក្សា តែក្រោយមកទើបកូនដឹងថា កូនមិនអាចបកក្រោយទៅរកមនុស្ស ដែលកូនបានបោះបង់ចោលហើយនោះទេ!”

សិស្សសួរថា៖

-” ចុះអ្វីទៅជាអាពាហ៍ពិពាហ៍ លោកគ្រូ?”

លោកគ្រូឆ្លើយថា៖

-” ឥឡូវកូនទៅចម្ការពោត ហើយកាច់យកផ្លែពោតណាដែលធំជាងគេ តែកូនមិនអាចវិលត្រឡប់បកក្រោយមកកាច់ផ្លែពោតធំ ដែលកូនបានដើរហួសនោះបានទេ!”

សិស្សទៅចម្ការពោត តែលើកនេះគេមិនឲ្យខុសដូចមុនទៀតទេ។

គេបានកាច់បានផ្លែពោតធំល្មមមួយ ដោយការពេញចិត្ត។

លោកគ្រូបន្លឺថា៖

-” លើកនេះ កូនកាច់បានផ្លែពោតដ៏ល្អមួយ ដោយការទុកចិត្តថា វាធំជាងគេហើយសម្រាប់កូន ទោះបីជាវាមិនមែនជាផ្លែពោតធំជាងគេក៏ដោយ!

នេះហើយគឺជាអាពាហ៍ពិពាហ៍! វាមានន័យថា ឲ្យតែវាត្រូវចិត្ត និង សមចិត្តរបស់កូនថា វាល្អ គឺគ្រប់គ្រាន់ហើយ! ចូរកូនកុំគិតទៅតាមភ្នែករបស់អ្នកដទៃ ព្រោះក្នុងលោកនេះ វាមិនមានអ្វីដែលល្អសុក្រឹតទាំងស្រុងនោះទេ ណាកូន!”

សិស្សសួរទៀតថា៖

-” ចុះការលែងលះគ្នាក្រោយអាពាហ៍ពិពាហ៍ លោកគ្រូ?”

លោកគ្រូឆ្លើយ៖

-” ប្រសិនបើម៉ូតូរបស់កូនអស់សាំង ឬ ខូចជិះទៅមុខមិនកើត តើកូនបោះវាចោល ឬ កូនចាក់សាំងនិងជួសជុលវាវិញ?”

សិស្សឆ្លើយ៖

-” កូនចាក់សាំងនិងជួសជុលវាវិញ អ្នកគ្រូ!”

លោកគ្រូញញឹម៖

-” ត្រូវហើយ! តែមានអ្នកខ្លះបានបោះបង់វាចោល ខណៈដែលគេមិនបានព្យាយាមចាក់សាំងនិងជួសជុលវា!

កូនដឹងទេថា វាគ្មានជីវិតអាពាហ៍ពិពាហ៍ណាមួយ ដែលផ្អែមល្ហែម និង ល្អូកល្អិនជារៀងរហូតនោះទេ តែការសន្ដោសប្រណី អធ្យាស្រ័យ យល់ចិត្ត និង យកចិត្តគ្នា គឺជាឱសថទិព្វ ដែលអាចប្រោះព្រំជីវិតអាពាហ៍ពិពាហ៍រហូតដល់ព្រាត់ស្លាប់បាន ណាកូន!”៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img