ថ្មីៗនេះមានផ្ទុះការចែកចាយវីដេអូរ ពេញបណ្តាញសង្គមហ្វេសបុក និង tik tok ខណៈ ដែលគេឃើញបុរសម្នាក់បានយកកាកសំណល់សម្រាម ទៅបោះចោលក្នុងទឹកទន្លេ ការពាររសៀលថ្ងៃទី ២១ខែសីហា ឆ្នាំ ២០២៤នៅចំណុចមាត់ទន្លេចុងកោះក្នុងសង្កាត់ផ្សារច្រាំងក្រុងកំពង់ឆ្នាំង ដោយមិនខ្វល់ពីផលប៉ះពាល់អ្វីឡើយ។
វីដេអូពីសកម្មភាពចាក់សំរាម ទាំងការ៉ុង អាណាធិបតេយ្យ ចូលក្នុងទន្លេ នេះបានធ្វើឱ្យ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចជាសាធារណៈជនទូទៅ ផ្ទុះការមិនពេញចិត្តជាខ្លាំង និងបានបញ្ចេញមតិពេញបណ្ដាញសង្គម ស្របពេលដែលរាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន កំពុងយកចិត្តទុកដាក់ ពាក់ព័ន្ធការចូលរួមអនុវត្ត ការទុកដាក់សម្រាម ឲ្យមានរបៀបរៀបរយ សម្អាតកាកសំណល់តាមទីសាធារណៈ ដើម្បីសុខភាព និង សោភ័ណភាព តាមសហគមន៍។
យ៉ាងនេះក្តីក្រោយពីមានការរិះគន់ពីសំណាក់មហាជននៅព្រឹកថ្ងៃទី ២២ ខែសីហាឆ្នាំ ២០២៤ អាជ្ញាធរក្រុងកំពង់ឆ្នាំង បានកោះហៅ ស្ត្រីឈ្មោះ ចាន់ ថាវី អាយុ ៥០ឆ្នាំ ដែលជាអ្នកបញ្ជាឱ្យបុរសម្នាក់មានសតិមិនគ្រប់ រស់នៅភូមិ ចុង កោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង យកសំរាមទៅចាក់ចូលក្នុងទន្លេមកធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពយកកាកសំណល់ផ្សេងៗ ទៅបោះចោលអាណាធិបតេយ្យ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាននិងសណ្ដាប់ធ្នាប់សាធារណៈក្នុងក្រុងកំពង់ឆ្នាំង៕
ដោយគិរីដងរែក