(ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៦) កិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបើកធ្វើនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៦។ នៅក្នុងកិច្ចប្រជុំពេញអង្គនេះ មានការចូលរួមពីសំណាក់សមាជិកគណៈកម្មាធិការមជ្ឈិមបក្សចំនួន ១៦២ រូប និងសមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្សចំនួន ១១៧ រូប។ សមាជិកនៃគណៈកម្មការត្រួតពិនិត្យវិន័យមជ្ឈិមបក្ស និងថ្នាក់ដឹកនាំមកពីស្ថាប័នពាក់ព័ន្ធនានា តំណាងមកពីមូលដ្ឋាន អ្នកជំនាញ និងបញ្ញវន្តមួយចំនួនដែលបានចូលរួមសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ក៏បានចូលរួមកិច្ចប្រជុំដែរ ។ កិច្ចប្រជុំពេញអង្គនេះ បើកធ្វើក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស បានថ្លែងសុន្ទរកថាគន្លឹះ។
កិច្ចប្រជុំពេញអង្គបានស្ដាប់និងពិភាក្សាអំពីរបាយការណ៍ការងាររបស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមដែលធ្វើឡើងដោយលោក Xi Jinping ព្រមទាំងបានពិភាក្សា និងអនុម័ត«ការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ»។ លោក Xi Jinping បានធ្វើការអធិប្បាយអំពី «ការសម្រេចចិត្ត» នេះជូនចំពោះកិច្ចប្រជុំពេញអង្គ។
កិច្ចប្រជុំពេញអង្គបានវាយតម្លៃខ្ពស់ចំពោះការងាររបស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សចាប់តាំងពីកិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី ២០ មក។ កិច្ចប្រជុំបានឯកភាពគ្នាជាឯកច្ឆន្ទថា ការិយាល័យនយោបាយបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវស្មារតីនៃសមាជបក្សលើកទី ២០ និងកិច្ចប្រជុំពេញអង្គនានានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ប្រកាន់ខ្ជាប់នូវគោលការណ៍ទូទៅនៃការស្វែងរកវឌ្ឍនភាពក្នុងភាពនឹងនរ អនុវត្តយ៉ាងពេញលេញនិងត្រឹមត្រូវនូវចក្ខុវិស័យអភិវឌ្ឍន៍ថ្មី ធ្វើផែនការរួមនិងជំរុញ «ការអភិវឌ្ឍវិស័យទាំង ៥ ដោយរួមបញ្ចូលគ្នា » និង«យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទាំង ៤» គ្រោងផែនការស្របតាមលក្ខខណ្ឌជាតិនិងអន្តរជាតិ គ្រោងផែនការអភិវឌ្ឍន៍និងសន្តិសុខ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ កសាងនីតិរដ្ឋនិងប្រជាធិបតេយ្យសង្គមនិយម និងធ្វើការងារផ្សព្វផ្សាយមនោគមវិជ្ជា និងវប្បធម៌ឱ្យបានល្អ។ ផ្តល់ការធានាដល់ជីវភាពរស់នៅរបស់ប្រជាជននិងធ្វើការកសាងអរិយធម៌អេកូឡូស៊ី គាំពារសន្តិសុខជាតិ និងស្ថិរភាពសង្គម ជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ បង្កើនការការពារជាតិនិងការកសាងកងទ័ពទំនើប ធ្វើការងារពាក់ព័ន្ធហុងកុង ម៉ាកាវនិងតៃវ៉ាន់ឱ្យបានល្អ ជំរុញកិច្ចការទូតរបស់ប្រទេសធំដែលមានលក្ខណៈពិសេសចិន។ ផែនការអភិវឌ្ឍន៍ ៥ ឆ្នាំទី ១៤ បានសម្រេចដោយជោគជ័យ ផែនការអភិវឌ្ឍន៍ ៥ ឆ្នាំទី ១៥ មានការចាប់ផ្តើមដ៏ល្អប្រសើរ កិច្ចការបក្ស និងរដ្ឋទទួលបានវឌ្ឍនភាពថ្មី និងសមិទ្ធផលថ្មី ។ លើសពីនេះ ក៏បានធ្វើការអប់រំស្តីពីការបង្កើត និងអនុវត្តគំនិតយល់ដឹងត្រឹមត្រូវស្តីពីការធ្វើអភិបាលកិច្ច បានរៀបចំពិធីអបអរសាទរដើម្បីរំលឹកខួបលើកទី ១០៥ នៃការបង្កើតបក្សកុម្មុយនីស្តចិន ដែលបានប្រមូលផ្តុំកម្លាំងដ៏ខ្លាំងក្លារបស់បក្សនិងប្រជាជនគ្រប់ជនជាតិទូទាំងប្រទេស ឱ្យរួបរួមគ្នាបន្តបោះជំហានទៅមុខ។

កិច្ចប្រជុំពេញអង្គបានរំលឹកឡើងវិញនូវដំណើរនៃការតស៊ូរបស់បក្សក្នុងរយៈពេលជាងមួយសតវត្សរ៍កន្លងមកនេះ។ កិច្ចប្រជុំបានលើកឡើងថា មូលហេតុដែលបក្សកុម្មុយនីស្តចិនអាចទទួលបានជ័យជម្នះជាបន្តបន្ទាប់នោះ គឺដោយសារការប្រកាន់ខ្ជាប់នូវឧត្តមគតិដ៏ខ្ពង់ខ្ពស់នៃលទ្ធិកុម្មុយនីស្ត និងការលះបង់ដើម្បីបុព្វហេតុដ៏អស្ចារ្យរបស់ប្រជាជាតិចិន។ បក្សបានខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីធានានូវសុខុមាលភាពរបស់ប្រជាជនចិន និងការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ។ ក្នុងប្រវត្តិសាស្ត្រ បក្សកុម្មុយនីស្តចិនតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការគ្រប់គ្រងបក្ស មានភាពក្លាហានក្នុងការការពារសច្ចធម៌ និងកែតម្រូវកំហុស ព្រមទាំងពង្រឹងខ្លួនឱ្យកាន់តែខ្លាំងក្លាឡើងតាមរយៈការដោះស្រាយបញ្ហារបស់ខ្លួនដោយពឹងផ្អែកលើកម្លាំងផ្ទាល់ខ្លួន និងការគាំទ្រពីប្រជាជន ហើយទីបំផុត បានក្លាយជាភាពដឹកនាំជាស្នូលដ៏រឹងមាំនៃបុព្វហេតុរបស់បក្ស និងប្រជាជន។ នៅក្នុងដំណើរការនៃការបដិវត្ត ការអភិវឌ្ឍ និងកំណែទម្រង់ បក្សកុម្មុយនីស្តចិនបានចាត់ទុកការកសាងបក្ស ជា «គម្រោងដ៏អស្ចារ្យ» និង«គម្រោងដ៏អស្ចារ្យថ្មី» ។ ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក បក្សទាំងមូលបានជំរុញយ៉ាងសកម្មនូវគម្រោងដ៏អស្ចារ្យថ្មីនៃការកសាងបក្សយុគសម័យថ្មី ដែលបានរកឃើញចម្លើយចំនួនពីរគឺ«ការឱ្យប្រជាជនឃ្លាំមើលរដ្ឋាភិបាល» និង «ការធ្វើស្វ័យបដិវត្តន៍» ។ នេះជាវិធីច្នៃប្រឌិតដ៏ពិសេសរបស់បក្សកុម្មុយនីស្តចិន ដែលនឹងត្រូវកត់ត្រាក្នុងប្រវត្តិសាស្ត្រនៃការកសាងបក្សនយោបាយតាមបែបម៉ាក្សនិយមជារៀងរហូត។
កិច្ចប្រជុំពេញអង្គបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏អស្ចារ្យនៃការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី។ កិច្ចប្រជុំបានឯកភាពគ្នាថា គណៈកម្មាធិការមជ្ឈិមបក្ស ដែលមានលោក Xi Jinping ជាប្រមុខស្នូល បានបង្ហាញនូវភាពក្លាហានខាងនយោបាយដ៏អស្ចារ្យ និងមានទំនួលខុសត្រូវខ្ពស់ ដោយបានប្រឈមមុខនឹងសភាពការណ៍ដ៏ធ្ងន់ធ្ងរដែលបានកើតឡើង ដូចជា៖ ការចុះខ្សោយនៃកម្លាំងដឹកនាំរបស់បក្ស ការគ្រប់គ្រងបក្សមិនតឹងរ៉ឹងនិងគ្មានប្រសិទ្ធភាព ព្រមទាំងបញ្ហាគួរឱ្យភ្ញាក់ផ្អើលមួយចំនួនដែលកើតឡើងនៅផ្ទៃក្នុងបក្ស។ ឆ្លងតាមរយៈការប្រកាន់ខ្ជាប់នូវការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ធ្វើកំណែទម្រង់ផ្ទៃក្នុង និងចាត់វិធានការយ៉ាងតឹងរ៉ឹងដើម្បីដោះស្រាយបញ្ហាសំខាន់ៗជាបន្តបន្ទាប់ គណៈកម្មាធិការមជ្ឈិមបក្សបានផ្លាស់ប្តូរពីឬសគល់នូវសភាពធូររលុង ភាពទន់ខ្សោយនៃការគ្រប់គ្រងបក្ស ផ្លាស់ប្តូរបរិយាកាសមិនល្អដែលកើតមានរយៈពេលយូរនៅផ្ទៃក្នុងបក្ស និងដោះស្រាយបញ្ហាធ្ងន់ធ្ងរនិងរ៉ាំរ៉ៃដែលមិនអាចដោះស្រាយបានក្នុងរយៈពេលជាច្រើនឆ្នាំមក ព្រមទាំងបានលុបបំបាត់គ្រោះថ្នាក់លាក់កំបាំងធ្ងន់ធ្ងរនៅផ្ទៃក្នុងបក្ស រដ្ឋ និងកងទ័ព ។ ដំណើរការទាំងនេះបានធ្វើឱ្យបក្សកាន់តែរឹងមាំ តាមរយៈការលត់ដំបែបបដិវត្តន៍។ នៅក្នុងយុគសម័យថ្មីនេះ ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ បានបើកទំព័រថ្មីនៃការធ្វើស្វ័យបដិវត្តន៍នៃគណបក្សនយោបាយដែលមានអាយុកាលមួយសតវត្សរ៍នេះ បានជំរុញបុព្វហេតុរបស់បក្ស និងរដ្ឋ ឱ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ និងឆ្លងកាត់ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដែលធ្វើឱ្យបក្ស និងប្រជាជន ទទួលបានបុរេសកម្មជាប្រវត្តិសាស្ត្រ ក្នុងការកសាងបក្សនិងរដ្ឋដ៏ខ្លាំងក្លា។

កិច្ចប្រជុំពេញអង្គបានលើកឡើងថា ការពង្រឹងការកសាងច្បាប់ និងប្រព័ន្ធរបស់គណបក្ស គឺជាគោលនយោបាយជាមូលដ្ឋាននិងរយៈពេលវែងសម្រាប់ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ។ ត្រូវតម្គល់ទុកលក្ខន្ដិកៈរបស់បក្សជាបទដ្ឋានជាមូលដ្ឋានគ្រឹះសម្រាប់គណបក្សទាំងមូល ធ្វើឱ្យស៊ីជម្រៅនូវការកំណែទម្រង់របបស្ថាបនារបស់បក្ស ជំរុញឱ្យការគ្រប់គ្រងប្រទេសជាតិស្របតាមច្បាប់ និងការគ្រប់គ្រងបក្សស្របតាមបទប្បញ្ញត្តិមានឯកភាពជាសមូហភាព ដើម្បីផ្តល់ការធានាខាងប្រព័ន្ធរបបដ៏រឹងមាំសម្រាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ។ ត្រូវកែលម្អប្រព័ន្ធបទប្បញ្ញត្តិ និងប្រព័ន្ធផ្ទៃក្នុងបក្ស ពង្រឹងការអនុវត្តប្រព័ន្ធទាំងនេះ និងលុបបំបាត់ប្រព័ន្ធអន្តរាគមន៍ ។
កិច្ចប្រជុំពេញអង្គបានលើកឡើងទៀតថា ការជំរុញឥតឈប់ឈរលើការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ត្រូវកែលម្អប្រព័ន្ធត្រួតពិនិត្យរបស់បក្ស និងរដ្ឋបន្ថែមទៀត ។ ត្រូវតែពង្រឹងការត្រួតពិនិត្យដោយគ្រប់ជ្រុងជ្រោយចំពោះគណៈកម្មាធិការបក្ស (ក្រុមបក្ស) កែលម្អប្រព័ន្ធដឹកនាំទ្វេភាគីសម្រាប់ការងារត្រួតពិនិត្យវិន័យ និងអធិការកិច្ច ជំរុញការធ្វើសមាហរណកម្មដោយស៊ីជម្រៅ និងការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពរវាងការត្រួតពិនិត្យផ្ទៃក្នុងបក្ស និងការត្រួតពិនិត្យពីគ្រប់ភាគី ដើម្បីផ្តល់តួនាទីនៃការត្រួតពិនិត្យជាអាវុធមុតស្រួច ។
កិច្ចប្រជុំពេញអង្គបានគូសបញ្ជាក់ថា ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយជាការទទួលខុសត្រូវនយោបាយរួមរបស់គណបក្សទាំងមូល ។ ត្រូវតែប្រកាន់ខ្ជាប់នូវប្រព័ន្ធទទួលខុសត្រូវនៃការអភិបាលកិច្ចបក្ស កែលម្អប្រព័ន្ធទទួលខុសត្រូវដោយឡែកពីគ្នា និងសម្របសម្រួល កែលម្អយន្តការវាយតម្លៃសនៃការអនុវត្តការទទួលខុសត្រូវ និងត្រូវដាក់ទោសលើការអភិបាលកិច្ចបក្សមិនល្អ ឬមានបញ្ហាធ្ងន់ធ្ងរ ។
កិច្ចប្រជុំពេញអង្គបានលើកឡើងទៀតថា ការសិក្សានិងអនុវត្តឲ្យបានហ្មត់ចត់នូវ
ស្មារតីនៃកិច្ចប្រជុំពេញអង្គ គឺជាភារកិច្ចនយោបាយដ៏សំខាន់សម្រាប់គណបក្សទាំងមូល ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ។ ត្រូវតែសិក្សាស្រាវជ្រាវ និងស្វែងយល់ពីស្មារតីនៃកិច្ចប្រជុំពេញអង្គឲ្យបានស៊ីជម្រៅ ពង្រឹងការចាត់តាំងនិងការដឹកនាំ ខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាលេចធ្លោ ដើម្បីជំរុញឲ្យ «សេចក្តីសម្រេចចិត្ត» ទទួលបានការអនុវត្តជាក់ស្តែង។
កិច្ចប្រជុំពេញអង្គបានសង្កត់ធ្ងន់ថា ត្រូវធ្វើការងារឱ្យបានល្អនៅចុងឆ្នាំនិងដើមឆ្នាំថ្មី ។ ប្រកាន់ខ្ជាប់នូវគោលការណ៍ទូទៅនៃការស្វែងរកវឌ្ឍនភាព ខណៈពេលមានស្ថិរភាព អនុវត្តជាក់ស្តែងនូវគោលគំនិតអភិវឌ្ឍន៍ថ្មីយ៉ាងពេញលេញ និងត្រឹមត្រូវ ព្រមទាំងពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ត្រូវប្រើប្រាស់គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចឲ្យបានពេញលេញ ទាញយកសក្តានុពលនៃតម្រូវការក្នុងស្រុក ធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ និងការបើកទូលាយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនិងឆ្ពោះទៅរកទិសដៅថ្មី ដើម្បីធានាឲ្យបានការសម្រេចបាននូវគោលដៅ និងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមសំខាន់ៗប្រចាំឆ្នាំ ២០២៦ នេះ និងសម្រេចបាននូវការចាប់ផ្តើមដ៏ល្អនៃ «ផែនការប្រាំឆ្នាំទី១៥»។ ត្រូវសម្របសម្រួលការអភិវឌ្ឍ និងសុវត្ថិភាពភាព ព្រមទាំងពង្រឹងការកសាងគម្រោងជីវភាពរស់នៅដែលមានលក្ខណៈផ្តលផលប្រយោជន៍ជាមូលដ្ឋាន ។ ត្រូវធ្វើការងារឱ្យបានល្អក្នុងសុវត្ថិភាពផលិតកម្ម ការបង្ការ បន្ថយនិងជួយសង្គ្រោះគ្រោះមហន្តរាយ សុវត្ថិភាពចំណីអាហារ ឱសថ និងស្ថិរភាព សង្គម ។ ត្រូវពង្រឹង និងពង្រីកសមិទ្ធផលនៃការសិក្សា និងការអប់រំស្តីពីការបង្កើត និងការអនុវត្តទស្សនៈសមិទ្ធផលការងារដ៏ត្រឹមត្រូវ ព្រមទាំងបញ្ចូលគ្នានូវការបណ្តុះបណ្តាលសមាជិកដែលទើបទទួលបានការតែងតាំងថ្មីនៃក្រុមថ្នាក់ដឹកនាំ ជាពិសេស ត្រូវបណ្តុះបណ្តាល“អ្នកទទួលខុសត្រូវ”លើទស្សនៈ អប់រំ និងណែនាំពួកគេឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍នៃការបម្រើបក្ស និងផលប្រយោជន៍ប្រជាជន ការធ្វើការសម្រេចចិត្តតាមបែបវិទ្យាសាស្ត្រ និងការខិតខំប្រឹងប្រែងជាក់ស្តែង ដើម្បីសម្រេចបានលទ្ធផលជាក់ស្តែងជូនប្រជាជន ។
កិច្ចប្រជុំពេញអង្គបានសម្រេចចិត្តថា សមាជជាតិលើកទី ២១ នៃបក្សកុម្មុយនីស្តចិននឹងប្រព្រឹត្តិទៅ នៅទីក្រុងប៉េកាំង នៅឆមាសទីពីរនៃឆ្នាំ ២០២៧ ។ កិច្ចប្រជុំពេញអង្គសម្គាល់ឃើញថា សមាជជាតិលើកទី ២១ នៃបក្សកុម្មុយនីស្តចិន គឺជាសមាជដ៏សំខាន់មួយ ដែលបានប្រារព្ធធ្វើឡើងនៅពេលវេលាដ៏សំខាន់ នៅពេលដែលបក្សនិងរដ្ឋកំពុងសម្រេចបាននូវទំនើបកម្មសង្គមនិយម និងចាប់ផ្តើមដំណើរថ្មីមួយឆ្ពោះទៅរកគោលដៅទី២ នៃសតវត្សរ៍ ក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងជីវភាពរស់នៅនយោបាយរបស់បក្ស និងប្រទេសជាតិ ។ គណបក្សទាំងមូលត្រូវតែរួបរួមគ្នា និងដឹកនាំប្រជាជនគ្រប់ក្រុមជនជាតិនៅទូទាំងប្រទេសចិនឲ្យធ្វើការរួមសាមគី្គគ្នាជាធ្លុងមួយខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវទំនើបកម្មសង្គមនិយមជាមូលដ្ឋាន បង្កើតជាបន្តបន្ទាប់នូវនិម្មាបនកម្មថ្មីនៃការជំរុញកសាងប្រទេសឱ្យក្លាយជាប្រទេសខ្លាំង និងបុព្វហេតុដ៏អស្ចារ្យនៃការស្តារប្រជាជាតិឡើងវិញនូតាមរយៈទំនើបកម្មបែបផែនចិន ដើម្បីអបអរស្វាគមន៍កិច្ចប្រជុំសមាជជាតិលើកទី ២១ នៃបក្សកុម្មុយនីស្តចិនដោយជោគជ័យតាមរយៈសកម្មភាពជាក់ស្តែង។
កិច្ចប្រជុំពេញអង្គបានសម្រេចជ្រើសរើសលោក Zhang Shengmin ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។
កិច្ចប្រជុំពេញអង្គបានលើកឡើងថា ការបង្កើនបុគ្គលិកលក្ខណៈរបស់បក្សជាភារកិច្ចជាឫសគល់សម្រាប់ការគ្រប់គ្រងបក្សដោយតឹងរឹងគ្រប់ជ្រុងជ្រោយ។ ចាំបាច់ត្រូវតែជំរុញឱ្យសមាជិកបក្សនិងកម្មាភិបាលទាំងឡាយប្រកាន់ខ្ជាប់នូវបុគ្គលិកលក្ខណៈនិងកម្មវត្ថុរបស់បក្ស បង្កើនមនសិការអំពីបក្ស មនសិការរបស់សមាជិកបក្ស មនសិការរបស់ក្រុមឈានមុខ និងចាត់ទុកការបង្កើនការយល់ដឹងអំពីបុគ្គលិកលក្ខណៈបក្សជាការងារត្រូវធ្វើពេញមួយជីវិត។ ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងជំនឿនិងឧត្តមគតិ ពង្រឹងភក្តីភាពចំពោះបក្ស បង្កើនមនោសញ្ចេតនាចំពោះប្រជាជន ប្រកាន់ខ្ជាប់នូវការអនុវត្តតាមស្ថានភាពពិត ធ្វើឱ្យគុណធម៌និងអត្តចរិតមានភាពបរិសុទ្ធ និងរក្សាភាពស្អាតស្អំជាដើម សំដៅរក្សាខ្ជាប់នូវមុខមាត់នយោបាយដ៏ស្មោះត្រង់ ស្អាតស្អំនិងមានទំនួលខុសត្រូវរបស់សមាជិកបក្ស។ ត្រូវពង្រឹងការអប់រំអំពីភក្តីភាពចំពោះបក្ស ប្រកាន់ខ្ជាប់នូវការបណ្តុះបណ្តាលសមាជិកបក្សដោយទ្រឹស្តីច្នៃប្រឌិតថ្មីរបស់បក្ស ពូនជ្រំលបុគ្គលិកលក្ខណៈបក្សតាមរយៈវប្បធម៌ប្រណៃណីចិនដ៏ល្អផូរផង់ និងលត់ដំបុគ្គលិកលក្ខណៈបក្សតាមរយៈការអនុវត្តជាក់ស្តែង ក៏ដូចជាបង្កើនការវិនិច្ឆ័យចំពោះវា។
កិច្ចប្រជុំពេញអង្គបានលើកឡើងថា មជ្ឈការបែបប្រជាធិបតេយ្យគឺជាគោលការណ៍រៀបចំ និងប្រព័ន្ធដឹកនាំជាមូលដ្ឋានរបស់បក្ស ហើយការអនុវត្តរបស់វាគឺជាតម្រូវការផ្ទៃក្នុងសម្រាប់ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ។ វាជាការចាំបាច់ក្នុងការកែលម្អ និងអនុវត្តប្រព័ន្ធគ្រប់ផ្នែកនៃមជ្ឈការបែបប្រជាធិបតេយ្យ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យក្នុងបក្សឲ្យបានពេញលេញ អនុវត្តមជ្ឈការដ៏ត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព និងដើរតួនាទីនៃឧត្តមភាពផ្នែកនយោបាយ ស្ថាប័ន ប្រព័ន្ធរបបនិងការងារនៃមជ្ឈការបែបប្រជាធិបតេយ្យឲ្យបានកាន់តែប្រសើរឡើង។ វាជាការចាំបាច់ក្នុងការរក្សា និងពង្រឹងការដឹកនាំដោយសមូហភាពនិងឯកភាពរបស់គណៈកម្មាធិការមជ្ឈិមបក្ស កែលម្អគុណភាពនៃលទ្ធិប្រជាធិបតេយ្យក្នុងបក្ស អនុវត្តយ៉ាងតឹងរ៉ឹងនូវការកំណត់នៃការធ្វើសេចក្តីសម្រេចចិត្តនិងពិភាក្សាការងាររបស់ក្រុមថ្នាក់ដឹកនាំ និងធ្វើឱ្យមានបទដ្ឋាននូវការបំពេញភារកិច្ច និងការប្រើប្រាស់អំណាចរបស់ថ្នាក់ដឹកនាំ ។
កិច្ចប្រជុំពេញអង្គបានលើកឡើងថា គន្លឹះនៃការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ គឺស្ថិតនៅលើការគ្រប់គ្រងកម្មាភិបាលយ៉ាងតឹងរ៉ឹង។ វាជាការចាំបាច់ក្នុងការអនុវត្តគោលការណ៍ចាត់តាំងរបស់បក្សក្នុងយុគសម័យថ្មី គ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការអប់រំ ការបណ្តុះបណ្តាល ការជ្រើសរើស ការតែងតាំង ការគ្រប់គ្រងនិងការត្រួតពិនិត្យកម្មាភិបាលដើម្បីកសាងក្រុមកម្មាភិបាលប្រកបដោយគុណវុឌ្ឍខ្ពស់ ដែលមានមនសិការនយោបាយខ្ពស់ មានសមត្ថភាពខ្លាំង មានឥរិយាបថល្អប្រសើរ និងមានវិន័យយ៉ាងតឹងរ៉ឹង។ ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវទិសដៅត្រឹមត្រូវក្នុងការជ្រើសរើសបុគ្គលិក ជ្រើសរើស និងតែងតាំងបុគ្គលិកឱ្យបានត្រឹមត្រូវ និងតាមបែបវិទ្យាសាស្ត្រ ជំរុញកម្មាភិបាលឱ្យបង្កើត និងអនុវត្តទស្សនៈត្រឹមត្រូវអំពីអភិបាលកិច្ច បង្កើនសមត្ថភាពរបស់កម្មាភិបាលក្នុងការបំពេញភារកិច្ច និងបង្កើតអាជីព កែលម្អគុណភាពនៃការបណ្តុះបណ្តាល និងជ្រើសរើសកម្មាភិបាលវ័យក្មេងដ៏ឆ្នើម ពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យលើកម្មាភិបាល ក៏ដូចជាបណ្តុះបណ្តាល ស្រូបទាញ និងប្រើប្រាស់ធនធានមនុស្សឱ្យបានទូលំទូលាយ។
កិច្ចប្រជុំពេញអង្គបានលើកឡើងថា អង្គការបក្សគ្រប់លំដាប់ថ្នាក់គឺជាតួអង្គសំខាន់សម្រាប់ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ។ ចាំបាច់ត្រូវជំរុញជាប្រព័ន្ធនូវការកសាងអង្គការបក្សគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យ ពង្រឹងមុខងារទាំងផ្នែកនយោបាយ និងអង្គការរបស់បក្ស ដើម្បីធានាបាននូវការសម្របសម្រួលនិងសហការរវាងថ្នាក់លើនិងក្រោម និងធានាបាននូវភាពចំគោលដៅនិងប្រសិទ្ធភាពខ្ពស់។ ត្រូវដើរតួនាទីដឹកនាំរបស់អង្គការបក្សនៃស្ថាប័នមជ្ឈិមនិងរដ្ឋ ពង្រឹងមុខងាររបស់គណៈកម្មការបក្សមូលដ្ឋាន គ្រោងផែនការជំរុញការកសាងអង្គការបក្សមូលដ្ឋានក្នុងគ្រប់វិស័យ ធ្វើការងារកសាងបក្សនៅក្នុងវិស័យងើបឡើងថ្មី និងបង្កើនការកសាងក្រុមសមាជិកបក្ស ក៏ដូចជាធ្វើឱ្យមានសុក្រឹតភាពនូវយន្តការសម្រាប់តភ្ជាប់អង្គការបក្សគ្រប់ជាន់ថ្នាក់។
កិច្ចប្រជុំពេញអង្គបានលើកឡើងថា ការពង្រឹងឥរិយាបថ និងវិន័យគឺជាវិធានការដ៏មានប្រសិទ្ធភាពសម្រាប់ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ។ ត្រូវតែប្រកាន់ខ្ជាប់នូវការពង្រឹងបុគ្គលិកលក្ខណៈបក្ស ឥរិយាបថបក្ស និងវិន័យបក្សក្នុងពេលដំណាលគ្នា ត្រូវធ្វើការពង្រឹងឥរិយាបថនិងវិន័យ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងពេលដំណាលគ្នា។ ត្រូវប្រើប្រាស់ដោយស៊ីជម្រៅនូវបទពិសោធនៃការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយតាមរយៈការកែលម្អឥរិយាបថ ដើម្បីប្រមូលផ្តុំកម្លាំងកាយចិត្តតាមរយៈរូបភាពដ៏ល្អប្រសើរ។ ត្រូវដើរតាមមាគ៌ាមហាជនរបស់បក្សនៅក្នុងយុគសម័យថ្មី អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវស្មារតីនៃការកំណត់ទាំងប្រាំបីចំណុចរបស់មជ្ឈិមបក្ស ជំរុញការកសាងឥរិយាបថជាប្រចាំនិងមានប្រសិទ្ធភាពរយៈពេលវែង ពង្រឹងការអនុវត្តវិន័យយ៉ាងតឹងរ៉ឹង ដើរតួនាទីចម្រុះនៃការដាក់កំហិត ធានា និងការលើកទឹកចិត្ត ការអប់រំវិន័យ។
កិច្ចប្រជុំពេញអង្គបានលើកឡើងថា ការជំរុញដោយរួមបញ្ចូលគ្នានូវការ “មិនហ៊ានពុករលួយ មិនអាចពុករលួយ និងមិនចង់ពុករលួយ” គឺជាយុទ្ធសាស្ត្រសំខាន់មួយសម្រាប់ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ និងជាគោលការណ៍ជាមូលដ្ឋាននៃការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ចាំបាច់ត្រូវតែចងចាំយ៉ាងមុតមាំថា បក្សមិនមានផលប្រយោជន៍ពិសេសផ្ទាល់ខ្លួនក្រៅពីផលប្រយោជន៍របស់វណ្ណៈកម្មករ និងប្រជាជនទូទៅនោះទេ ហើយបក្សប្រឆាំងយ៉ាងដាច់ខាតចំពោះអំពើពុករលួយ។ ចាំបាច់ត្រូវតែដើរតាមមាគ៌ាប្រឆាំងអំពើពុករលួយដែលមានលក្ខណៈពិសេសចិន បង្កើនការដឹកនាំជាសមូហភាពនិងឯកភាពរបស់មជ្ឈិមបក្សលើការងារប្រឆាំងអំពើពុករលួយ យកចិត្តទុកដាក់បន្ថែមទៀតចំពោះការដោះស្រាយបញ្ហាពីឫសគល់ និងអនុវត្តវិធានការជាប្រព័ន្ធ។ ត្រូវតែប្រកាន់ខ្ជាប់
នូវការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង ការគ្រប់គ្រងដោយចំគោលដៅ ការបង្ការប្រកបដោយប្រសិទ្ធភាព និងវិធីសាស្រ្តរួមបញ្ចូលគ្នា ដើម្បីធ្វើការប្រយុទ្ធប្រឆាំងអំពើពុករលួយរហូតដល់ទីបញ្ចប់។ ត្រូវតែរក្សាការដាក់ទណ្ឌកម្មលើអំពើពុករលួយយ៉ាងតឹងរ៉ឹង ពង្រឹងការរឹតបន្តឹង និងការត្រួតពិនិត្យចំពោះការប្រើប្រាស់អំណាច ពង្រឹងមូលដ្ឋានគ្រឹះខាងមនោគមវិជ្ជានៃការគោរពភាពស្អាតស្អំ និងការបដិសេធអំពើពុករលួយ ក៏ដូចជាបង្កើនប្រសិទ្ធភាពចម្រុះនៃការជំរុញដោយរួមបញ្ចូលគ្នានូវការ “មិនហ៊ានពុករលួយ មិនអាចពុករលួយ និងមិនចង់ពុករលួយ”។
កិច្ចប្រជុំពេញអង្គបានចង្អុលបង្ហាញថា នៅក្នុងការអនុវត្តដ៏អស្ចារ្យនៃការគ្រប់គ្រងបក្ស និងពង្រឹងបក្សនៅក្នុងយុគសម័យថ្មី គណៈកម្មាធិការមជ្ឈិមបក្សដែលមានលោកXi Jinpingជាប្រមុខស្នូល បានលើកឡើងនូវយុទ្ធសាស្ត្រថ្មី គំនិតថ្មី និងទស្សនៈថ្មីជាច្រើនស្តីពីបញ្ហាក្នុងយុគសម័យថ្មី តើគួរកសាងបក្សបែបម៉ាក្សនិយមប្រភេទណាមួយដែលអាចកាន់អំណាចក្នុងរយៈពេលវែង ធ្វើយ៉ាងណាទើបអាចកសាងបក្សកាន់អំណាចក្នុងរយៈពេលវែង ហើយការលើកឡើងខាងលើបានក្លាយផ្នត់គំនិតរបស់លោកXi Jinpingស្តីពីការកសាងបក្ស។ ផ្នត់គំនិតទាំងនេះបានធ្វើឱ្យមានភាពសម្បូរបែប និងការអភិវឌ្ឍទ្រឹស្តីម៉ាក្សនិយមស្តីពីការកសាងបក្ស គឺជាសមិទ្ធផលសំខាន់ដែលជំរុញនវានុវត្តន៍ទ្រឹស្តីរបស់បក្ស ដោយបានរួមបញ្ចូលគ្នារវាងគោលការណ៍គ្រឹះនៃលទ្ធិម៉ាក្សនិយម តថភាពជាក់ស្តែងរបស់ប្រទេសចិន និងវប្បធម៌ប្រពៃណីដ៏ល្អផូផង់របស់ប្រទេសចិន។ នេះគឺសម្រិតសម្រាំងឧត្តមានុវត្តន៍ និងប្រាជ្ញាជារួមរបស់បក្សកិច្ចប្រជុំពេញអង្គបានចង្អុលបង្ហាញថា នៅក្នុងការអនុវត្តដ៏អស្ចារ្យនៃការគ្រប់គ្រងបក្ស និងពង្រឹងបក្សនៅក្នុងយុគសម័យថ្មី គណៈកម្មាធិការមជ្ឈិមបក្សដែលមានលោកXi Jinpingជាប្រមុខស្នូល បានលើកឡើងនូវយុទ្ធសាស្ត្រថ្មី គំនិតថ្មី និងទស្សនៈថ្មីជាច្រើនស្តីពីបញ្ហាក្នុងយុគសម័យថ្មី តើគួរកសាងបក្សបែបម៉ាក្សនិយមប្រភេទណាមួយដែលអាចកាន់អំណាចក្នុងរយៈពេលវែង ធ្វើយ៉ាងណាទើបអាចកសាងបក្សកាន់អំណាចក្នុងរយៈពេលវែង ហើយការលើកឡើងខាងលើបានក្លាយផ្នត់គំនិតរបស់លោកXi Jinpingស្តីពីការកសាងបក្ស។ ផ្នត់គំនិតទាំងនេះបានធ្វើឱ្យមានភាពសម្បូរបែប និងការអភិវឌ្ឍទ្រឹស្តីម៉ាក្សនិយមស្តីពីការកសាងបក្ស គឺជាសមិទ្ធផលសំខាន់ដែលជំរុញនវានុវត្តន៍ទ្រឹស្តីរបស់បក្ស ដោយបានរួមបញ្ចូលគ្នារវាងគោលការណ៍គ្រឹះនៃលទ្ធិម៉ាក្សនិយម តថភាពជាក់ស្តែងរបស់ប្រទេសចិន និងវប្បធម៌ប្រពៃណីដ៏ល្អផូផង់របស់ប្រទេសចិន។ នេះគឺសម្រិតសម្រាំងឧត្តមានុវត្តន៍ និងប្រាជ្ញាជារួមរបស់បក្សនិងនវានុវត្តន៍ ប្រកាន់ខ្ជាប់ថ្នាក់ដឹកនាំធ្វើជាគំរូដល់អ្នកក្រោមឱវាទ និងប្រកាន់ខ្ជាប់ការគ្រប់គ្រងបក្សតាមបទប្បញ្ញត្តិ ។
កិច្ចប្រជុំពេញអង្គបានរៀបចំផែនការជាប្រព័ន្ធចំពោះការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ដោយសង្កត់ធ្ងន់លើការពង្រឹងបុគ្គលិកលក្ខណៈបក្សរបស់សមាជិកបក្ស ការអនុវត្តរបបនមជ្ឈការបែបប្រជាធិបតេយ្យឱ្យបានតឹងរ៉ឹង និងការកសាងក្រុមមន្ត្រីដែលមានគុណវុឌ្ឍខ្ពស់ និងមានសមត្ថភាពទទួលខុសត្រូវលើបេសកកម្មដ៏សំខាន់នៃការស្តាភាពរុងរឿងឡើងវិញរបស់ប្រជាជាតិ។ កសាងប្រព័ន្ធអង្គការដ៏ម៉ឺងម៉ាត់ដែលមានការតភ្ជាប់រចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់ពីក្រោមដល់លើនិងមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត កែតម្រូវឥរិយាបថ និងពង្រឹងវិន័យដោយឥតឈប់ឈរ បន្តជំរុញយ៉ាងមុតមាំឥតងាករេ នូវអភិក្រម មិនហ៊ាន មិនអាច និងមិនចង់ប្រព្រឹត្តអំពើពុករលួយ ប្រកាន់ខ្ជាប់នូវការគ្រប់គ្រងបក្សតាមរយៈរបប និងបទប្បញ្ញត្តិនានា កែលម្អប្រព័ន្ធត្រួតពិនិត្យសម្រាប់បក្សនិងរដ្ឋ ព្រមទាំងធ្វើឱ្យទំនួលខុសត្រូវនៃការគ្រប់គ្រងបក្សដោយមានភាពតឹងរ៉ឹង។
យោងតាមការកំណត់នៃលក្ខន្តិកៈ កិច្ចប្រជុំពេញអង្គបានសម្រេចចិត្ត បន្ថែមលោក Lu Dongliang លោក Bao Gang , លោកស្រី Xing Shanping , លោកស្រី Qu Yingpu , លោក Lv Jun , លោក Zhu Tianshu, លោក Zhu Guoxian , លោក Liu Jun , លោក Liu Jie និងលោក Liu Qiang ពីសមាជិកបម្រុងមកជាសមាជិកផ្លូវការនៃគណៈកម្មាធិការមជ្ឈិមបក្ស។ កិច្ចប្រជុំពេញអង្គបានពិភាក្សានិងអនុម័តរបាយការណ៍ត្រួតពិនិត្យស្តីពីបញ្ហាល្មើសវិន័យនិងល្មើសច្បាប់ធ្ងន់ធ្ងរនៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមបក្សចំពោះឈ្មោះ Ma Xingrui , Lan Tianli , Liu Jianchao , Wang Lixia , Jin Zhuanglong , Lei Fanpei , Yi Huiman , Wang Xiangxi , Sun Shaocheng , Li Yunze , Fei Dongbin , Wu Shenghua , Yu Jianfeng , Yuan Jie , Zhang Zhongyang , Wen Gang , Jin Donghan , Fang Hongwei ។ កិច្ចប្រជុំពេញអង្គបានពិភាក្សានិងអនុម័តរបាយការណ៍ត្រួតពិនិត្យស្តីពីបញ្ហាល្មើសវិន័យនិងល្មើសច្បាប់ធ្ងន់ធ្ងរនៃគណៈកម្មាធិការយោធាមជ្ឈិមចំពោះឈ្មោះ Zhang Youxia , Liu Zhenli , Wang Renhua , Liu Qingsong , Huang Ming , Li Qiaoming , Li Wei , Zhang Hongbing , Wang Haijiang , Zhang Lin , Wang Peng , Liu Faqing , Yang Cheng , Zhong Shaojun , Zhao Xiaozhe , Fang Yongxiang។ កិច្ចប្រជុំពេញអង្គបានកំណត់បញ្ជាក់ពីការសម្រេចចិត្តរបស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សស្តីពីការបណ្តេញឈ្មោះ Ma Xingrui , Zhang Youxia , Liu Zhenli , Lan Tianli , Liu Jianchao , Wang Lixia , Jin Zhuanglong , Lei Fanpei , Yi Huiman , Wang Xiangxi , Sun Shaocheng , Wang Renhua , Liu Qingsong , Huang Ming , Li Qiaoming , Li Wei , Zhang Hongbing , Wang Haijiang , Zhang Lin ,Wang Peng , Liu Faqing , Yang Cheng , Zhong Shaojun , Zhao Xiaozhe , Fei Dongbin , Wu Shenghua , Yu Jianfeng , Yuan Jie , Zhang Zhongyang , Wen Gang , Jin Donghan , Fang Hongwei , Fang Yongxiangចេញពីបក្ស, ចំណែកឈ្មោះ Li Yunze ត្រូវបានដកហូតតួនាទីក្នុងបក្ស។
កិច្ចប្រជុំពេញអង្គបានអំពាវនាវថា បក្សទាំងមូលត្រូវរួមសាមគ្គីគ្នាកាន់តែខ្លាំងឡើងនៅជុំវិញមជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូល អនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគំនិតលោក Xi Jinping ស្តីពីសង្គមនិយមមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ខិតខំប្រឹងប្រែងធ្វើអភិបាលកិច្ចឱ្យកាន់តែល្អ តស៊ូយ៉ាងអង់អាចឈានទៅរកភាពខ្លាំងក្លា បន្តផ្តោតលើការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ បន្តបង្កើតនិម្មាបនកម្មថ្មីនៃការគ្រប់គ្រងបក្សក្នុងយុគសម័យថ្មី កសាងនិងពង្រឹងបក្សឱ្យខ្លាំងក្លា រួមសាមគ្គីនិងដឹកនាំប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសឱ្យតស៊ូប្រឹងប្រែងក្នុងដំណើរការកសាងប្រទេសសង្គមនិយមដ៏ខ្លាំងក្លា និងជំរុញការស្តារភាពរុងរឿងរបស់ប្រជាជាតចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន៕
ដោយគិរីដងរែក




