ក្នុងវ័យ៣៧ឆ្នាំ លោក អុល ចំណាប់ រស់នៅក្នុងខេត្តកំពង់ធំមានសមត្ថភាពកែច្នៃម៉ាស៊ីនកសិកម្មប្រើប្រាស់ក្នុងការងារស្រែចម្ការ និងដំណាំ បានយ៉ាងច្រើនប្រភេទដែលអាចជួយកាត់បន្ថយក្នុងការនាំចូលបានមួយចំនួន លើវិស័យកសិកម្មកំពុងតែមានការរីកចម្រើន។
មានស្រុកកំណើតស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ លោក អុល ចំណាប់ បានចាប់ផ្ដើមកែច្នៃម៉ាស៊ីនកសិកម្មចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ពោលគឺចាប់ពេលដែលលោកបានត្រឡប់មកពីធ្វើការជាពលករជំនាញផ្នែករោងចក្រឧស្សាហកម្មនៅប្រទេសកូរ៉េ ជាទីកន្លែងដែលលោកបានទទួលបាននូវបទពិសោធន៍។
លោក អុល ចំណាប់ អ្នកកែឆៃ្នគ្រឿងយន្តកសិកម្មខេត្តកំពង់ធំ បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា ទាក់ទងនឹងជំនាញកែច្នៃម៉ាស៊ីនកសិកម្មជាង១០ ប្រភេទនេះ សុទ្ធសឹងតែជាគំនិតរបស់លោកតែម្ដង ខណៈដែលរូបលោកក៏មានឪពុកជាជាងកែច្នៃម៉ាស៊ីន រួមផ្សំជាមួយបទពិសោធន៍ធ្វើការងារខាងមេកានិចស្រាប់ ទើបនាំឱ្យគាត់អាចមានទេពកោសល្យផ្នែកកែច្នៃម៉ាស៊ីន នេះឡើងមក។
ទាក់ទងនឹងម៉ាស៊ីនកសិកម្មដែល លោក អុល ចំណាប់ កែច្នៃបានសម្រាប់ដាក់លក់ក្នុងទីផ្សារប្រទេសកម្ពុជានាពេលបច្ចុប្បន្ន រួមមាន៖ ម៉ាស៊ីនដាំដំឡូង ម៉ាស៊ីនស្ទូងស្រូវ និងម៉ាស៊ីនបូមទឹកខ្នាតយក្ស ដែលភាគច្រើនជាម៉ាស៊ីនដែលបម្រើឱ្យការងារស្រែចម្ការ ដែលបានចូលរួមចំណែកដល់វិស័យកសិកម្មនៅកម្ពុជា។
ម៉ាស៊ីនកសិកម្ម របស់លោក អុល ចំណាប់ នាពេលបច្ចុប្បន្ន កំពុងទទួលបានទីផ្សារខ្ពស់ពីសំណាក់ប្រជាកសិករខ្មែរ នៅតាមតំបន់បឹងទន្លេសាប មានដូចជា៖ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ សៀមរាប និងកំពង់ឆ្នាំង ជាដើម។
លោក អុល ចំណាប់ បានបញ្ជាក់ទៀតថា ចំពោះម៉ាស៊ីនកសិកម្ម ដែលបានលក់ចេញនៅលើទីផ្សារសម្រាប់ឆ្នាំ ២០២៤នេះ អាចលក់ចេញក៏អាស្រ័យទៅតាមរដូវកាល ចំពោះតម្រូវការចាំបាច់របស់កសិករ ផងដែរ។
លោក អុល ចំណាប់ បានប្រាប់ឱ្យដឹងទៀតថា សម្រាប់ចុងឆ្នាំនេះ លោកអាចលក់ចេញម៉ាស៊ីនទាក់ទងនឹងការងារស្រែចម្ការ បានប្រមាណជាង ៣០ ទៅ ៤០គ្រឿង ចំណែកម៉ាស៊ីនផ្សេងៗទៀត គឺលក់បានទៅតាមតម្រូវការ និងរដូវធ្វើស្រែចម្ការរបស់ប្រជាកសិករ៕
ដោយគិរីដងរែក