កាលពីថ្ងៃសៅរ៍ទី៣១ខែធ្នូ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានថ្លែងសុន្ទរកថាក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល ដោយនិយាយទៅកាន់ជនរួមជាតិ អំពីបញ្ហាប្រឈមនានាដែលប្រទេសនេះបានជួបប្រទះកាលពីឆ្នាំមុន និងសមិទ្ធផលដែលខ្លួនសម្រេចបាន។
ទោះបីជាយ៉ាងណាក៏ដោយ ឆ្នាំនេះលោក ពូទីន បានធ្វើឲ្យមនុស្សគ្រប់គ្នាចម្លែកចិត្ត ដោយសារតែលោកមិនបានថ្លែងចេញពីវិមានក្រឹមឡាំងដូចទម្លាប់នោះទេ ដោយលោកបែរជាផ្ញើសារប្រចាំឆ្នាំ ចេញពីទីស្នាក់ការតំបន់យោធាភាគខាងត្បូងជំនួសវិញ។
ក្នុង ដំណើរ ចុះសួរសុខទុក្ខ នេះ លោក ពូទីន ក៏ បាន ជួប សំណេះសំណាល ជាមួយ មេទ័ព កំពូលៗ និង បាន ផ្តល់ រង្វាន់ រដ្ឋ ដល់ ទាហានមាន កិត្តិយសផងដែរ។
ក្នុងសុន្ទរកថាដ៏វែងអន្លាយខុសពីធម្មតា លោក ពូទីន បានលើកឡើងជាចម្បងជុំវិញប្រតិបត្តិការយោធាពិសេសដែលកំពុងបន្តនៅក្នុងអ៊ុយក្រែន ដែលជាជម្លោះទ្រង់ទ្រាយធំ ផ្ទុះឡើងកាលពីចុងខែកុម្ភៈ។ លោកនិយាយថា ព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល បានបង្ហាញថា រុស្ស៊ី ដែលជាប្រទេសពហុជាតិសាសន៍របស់យើង បានបង្ហាញភាពក្លាហាន និងសេចក្តីថ្លៃថ្នូររបស់ខ្លួន ដូចដែលខ្លួនតែងតែមានបង្ហាញក្នុងពេលមានការលំបាក។
លោកនិយាយថា “ទាហានរុស្ស៊ី កងជីវពល និងអ្នកស្ម័គ្រចិត្ត កំពុងប្រយុទ្ធដើម្បីមាតុភូមិរបស់យើង ដើម្បីការពិត និងយុត្តិធម៌ ដើម្បីធានាសន្តិភាព និងសន្តិសុខសម្រាប់ប្រទេសរុស្ស៊ី។ ពួកគេទាំងអស់គឺជាវីរបុរសសម្រាប់ពួកយើង។ បន្ទុករបស់ពួកគេគឺធ្ងន់បំផុតនៅថ្ងៃនេះ។ ខ្ញុំសូមជូនពរ សួស្តីឆ្នាំថ្មីដល់អ្នកចូលរួមទាំងអស់នៃប្រតិបត្តិការយោធាពិសេស”៕


ប្រែសម្រួលដោយគីរីដងរែក




