(សេអ៊ូល)៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី វិនឌី សឺមែន (Wendy Sherman) នៅថ្ងៃអង្គារនេះបាននិយាយថាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង រួមទាំងពិភពលោកនឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២។
លោកស្រី Wendy Sherman ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង លោក ឆូ យ៉ុន ដុង (Cho Hyun-dong) ក្នុងទីក្រុងសេអ៊ូល។ ថ្លែងនាឱកាសនោះ លោកស្រី Sherman បានគូសបញ្ជាក់ដូច្នេះថា «រាល់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដែលនឹងបំពានលើ ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងត្រូវទទួលការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ហើយខ្ញុំជឿជាក់ថាមិនមែនត្រឹមតែកូរ៉េខាងត្បូង អាមេរិក និងជប៉ុនប៉ុណ្ណោះទេ តែពិភពលោកទាំងមូលនឹងធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងយ៉ាងច្បាស់ៗ»។
គួរបញ្ជាក់ថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយថាកូរ៉េខាងជើងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅឯរោងចក្រនុយក្លេអ៊ែរ យ៉ុងប៊ីយុន (Yongbyon) នៅចំពោះមុខការបារម្ភថាទីក្រុងព្យុងយ៉ាង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពី ឆ្នាំ២០១៧មក៕
ប្រភព Reuter ប្រែសម្រួលដោយគីរីដងរែក