សហរដ្ឋអាមេរិក មានផែនការបញ្ជូន «គ្រាប់បែកចង្កោម» ទៅឱ្យអ៊ុយក្រែនដើម្បីប្រើប្រាស់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងឈ្លានពាន រុស្ស៉ី បើទោះជាមានការជំទាស់ពីអង្គការសិទ្ធិមនុស្សក៏ដោយតែអាវុធប្រភេទនេះអាចនឹងផ្ដល់ថាមពលបន្ថែមដល់ប្រតិបត្តិការវាយបករបស់ទីក្រុងកៀវ។
កញ្ចប់ជំនួយអាវុធថ្មីទំហំ ៨០០លានដុល្លារសម្រាប់អ៊ុយក្រែន ដែលក្នុងនោះនឹងរួមមានបញ្ចូលគ្រាប់បែកចង្កោមបាញ់ចេញពីកាណុងកាំភ្លើងធំ Howitzer ១៥៥មីលីម៉ែត្រ គ្រោងនឹងត្រូវប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះ ។
សេតវិមាន ធ្លាប់បាននិយាយថាការបញ្ជូនគ្រាប់បែកចង្កោមទៅឱ្យ អ៊ុយក្រែន កំពុងស្ថិតនៅការពិចារណាយ៉ាងល្អិតល្អន់ តែមិនទាន់មានការសម្រេចចិត្តជាផ្លូវការណាមួយត្រូវបានប្រកាសនោះទេ ហើយគ្រាប់បែកចង្កោម នេះអាចនឹងក្លាយជាប្រធានបទក្ដៅមួយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch (HRW) បានអំពាវនាវឱ្យសហរដ្ឋអាមេរិក កុំផ្គត់ផ្គង់គ្រាប់បែកចង្កោមឱ្យអ៊ុយក្រែន។ ខណៈប្រទេសជាង១២០ បាននាំគ្នាចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិ ដែលហាមឃាត់ការប្រើប្រាស់ គ្រាប់បែកចង្កោម រុស្ស៉ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក គឺស្ថិតក្នុងចំណោមក្រុមប្រទេស ដែលមិនបានចុះហត្ថលេខាឡើយ៕




ប្រភព Aljazeera ប្រែសម្រួលដោយគិរីដងរែក




