-(RFAផ្សាយថ្ងៃទី១៩ខែកុម្ភៈ)ប្រជាពលរដ្ឋជំរុញឱ្យអាជ្ញាធរបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅតាមមូលដ្ឋានឱ្យមាន ប្រសិទ្ធភាព និងស្រាវជ្រាវរកមន្ត្រីឃុបឃិតជាមួយម្ចាស់អាជីវកម្មយកមកដាក់ទោស ។ ជុំវិញរឿងនេះ មន្ត្រីសង្គម ស៊ីវិលថា រដ្ឋាភិបាលគួរបង្ក្រាប និងអនុវត្តច្បាប់តឹងរ៉ឹងលើមេខ្លោងបង្កើតល្បែងស៊ីសង ព្រមទាំងបញ្ឈប់ការផ្សព្វផ្សាយ គ្រប់រូបភាពដែលជំរុញឱ្យពលរដ្ឋទៅលេងល្បែងទាំងនោះ ។

-(VOAផ្សាយថ្ងៃទី១៩ខែកុម្ភៈ)សកម្មជនគណបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅប្រទេសម៉ាឡេស៊ីថា ពួកគេប្រឈមនឹងការចាប់ខ្លួនបញ្ជូនទៅកម្ពុជាវិញ បន្ទាប់ពីសមត្ថកិច្ចប្រទេសនេះគំរាមចាប់ខ្លួន និងកោះហៅទៅសាកសួរ ទាក់ទងគម្រោងចេញសម្ដែងមតិ និងដាក់ញត្តិប្រឆាំងវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលគ្រោងទៅទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីនៅចុងខែកុម្ភៈខាងមុខ ។ ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី ប្រាប់អាស៊ីសេរីដោយខ្លីថា លោកមិនទាន់មានព័ត៌មានផ្ដល់ឱ្យជុំវិញដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋម ន្ត្រី ហ៊ុន ម៉ាណែត ទៅប្រទេសម៉ាឡេស៊ីនៅឡើយទេ ។

-(RFAផ្សាយថ្ងៃទី១៩ខែកុម្ភៈ)តំណាងពលរដ្ឋខេត្តព្រះវិហារ៤នាក់ទៀតត្រូវបុគ្គលមានលុយអំណាចប្ដឹងទៅតុលាការ ក្រោយពីពួកគាត់ចេញមុខការពារដីធ្លី និងទប់ស្កាត់គ្រឿងចក្រដែលឈូសឆាយផលដំណាំរបស់អ្នកភូមិជា ច្រើនហិកតា ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៉ុណ្ណារ៍ ពន្យល់ថា ការប្រើអំពើហិង្សាជាទង្វើល្មើសច្បាប់ ដែលសមត្ថកិច្ចត្រូវមានវិធានការច្បាប់ជាធរមាន ។ លោកយល់ថា ជនជាតិដើមភាគតិចនៅតែមានសិទ្ធិប្រើប្រាស់ដីធ្លី ដែលពួកគាត់ធ្លាប់អាស្រ័យផល មុនពេលមានវត្តមាន ក្រុមហ៊ុនចិន ។

-(RFAផ្សាយថ្ងៃទី១៩ខែកុម្ភៈ) អង្គការឃ្លាំមើលសេរីភាពពិភពលោក (Freedom House) រកឃើញថា កម្ពុជាគឺជា ប្រទេសគាបសង្កត់សិទ្ធិពលរដ្ឋ នៅក្រៅប្រទេសធ្ងន់ធ្ងរជាងគេនៅលើពិភពលោក ក្នុងឆ្នាំ២០២៣ ។ ជុំវិញរឿងនេះ អ្នក នាំពាក្យគណបក្សកាន់អំណាចអះអាងថា រដ្ឋាភិបាលកម្ពុជាមិនពាក់ព័ន្ធអំពើហិង្សា ឬការរំលោភសិទ្ធិមនុស្សនៅ បរទេសនោះឡើយ ។

-(RFAផ្សាយថ្ងៃទី១៩ខែកុម្ភៈ) តំណាងរាស្ត្រប្រចាំតំបន់ម៉ូរឌៀអាល់ឡឺក (Mordialloc) លោក ធ៌ម រីឆាត សុន (Tim Richarson) និងលោក តាក់ ម៉េងហ៊ាង សមាជិកសភាអូស្ត្រាលីដើមកំណើតខ្មែរប្រចាំរដ្ឋវិចតូរីយ៉ា ចូល រួមជាមួយសហគមន៍ខ្មែរនៅទីក្រុងម៉ែលប៊ន (Melbourne) រដ្ឋវិចតូរីយ៉ា (Victoria) ដើម្បីធ្វើធម្មយាត្រាដាក់ញត្តិ ទៅសមាជិកសភាសហព័ន្ធអូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) ។ ការដាក់ញត្តិនេះ ដើម្បីទាមទារឱ្យ នាយករដ្ឋមន្ត្រីអូស្ត្រាលី លើកឡើងបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាមួយលោក ហ៊ុន ម៉ាណែត ដែលគ្រោងមក ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅដើមខែមីនាខាងមុខ ៕
ដោយគិរីដងរែក