សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានដាក់ទណ្ឌកម្មលើមន្ត្រីកូរ៉េខាងជើង ពាក់ព័ន្ធនឹងកម្មវិធីអាវុធរបស់ប្រទេសនេះ បន្ទាប់ពីការសាកល្បងមីស៊ីលអន្តរទ្វីបចុងក្រោយបំផុត និងធំបំផុតរបស់ទីក្រុងព្យុងយ៉ាងកាលពីខែមុន។
នៅថ្ងៃសុក្រទី០២ខែវិច្ឆិកានេះ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ឈ្មោះបុគ្គលទាំងនោះដូចជា Jon Il Ho, Yu Jin និង Kim Su Gil។ អ្នកទាំងពីរ សុទ្ធតែត្រូវបានសហភាពអឺរ៉ុប កំណត់ឲ្យដាក់ទណ្ឌកម្មកាលពីខែមេសា។
សេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារបាននិយាយថា Jon Il Ho និង Yu Jin បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍អាវុធប្រល័យលោក ខណៈពេលបម្រើការជាអនុប្រធាន និងនាយកនៃនាយកដ្ឋានឧស្សាហកម្មអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
ក្រសួងបន្តថា លោក Kim Su Gil បានបម្រើការជានាយកការិយាល័យនយោបាយទូទៅនៃកងទ័ពប្រជាជនកូរ៉េចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២១ ហើយបានត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេច ទាក់ទិននឹងកម្មវិធីអាវុធប្រល័យលោក។
ស្របពេលជាមួយគ្នានោះ ក្រសួង ការ បរទេស កូរ៉េ ខាង ត្បូង បាន ប្រកាស ដាក់ ទណ្ឌកម្ម លើ បុគ្គល ចំនួន៧ នាក់ ផ្សេង ទៀត ក្នុង នោះ មានទាំង ជនជាតិ សិង្ហបុរី ម្នាក់ និង តៃវ៉ាន់ ម្នាក់ផងដែរ និង អង្គភាព ចំនួន ៨។ ក្រសួង និយាយ ថា ទាំងអស់នេះបាន ស្ថិត នៅ ក្រោម ទណ្ឌកម្មដែលដាក់ដោយ សហរដ្ឋ អាមេរិក ចន្លោះ ខែ មករាឆ្នាំ២០១៨ ដល់ ខែ តុលាឆ្នាំ២០២២ រួចទៅហើយ។
ចំណែកក្រសួងការបរទេសជប៉ុននិយាយថា រដ្ឋាភិបាលទីក្រុងតូក្យូ ក៏បានដាក់អង្គភាពចំនួនបី និងបុគ្គលម្នាក់នៅក្នុងទណ្ឌកម្មថ្មី រួមទាំងក្រុមហ៊ុន Lazarus Group ដែលត្រូវគេសង្ស័យថា បានធ្វើការវាយប្រហារតាមអ៊ីនធើណិតផងដែរ។
ការដាក់ទណ្ឌកម្មចុងក្រោយនេះ គឺធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង ធ្វើតេស្តមីស៊ីល ICBM កាលពីថ្ងៃទី១៨ខែវិច្ឆិកា។ ក៏មានការព្រួយបារម្ភផងដែរថា ប្រទេសនេះ ប្រហែលនឹងចាប់ផ្តើមការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ បន្ទាប់ពីផ្អាកតាំងពីឆ្នាំ២០១៧មក៕


ប្រភព Time News ប្រែសម្រួលដោយគីរីដងរែក




