សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នេះបាន អនុញ្ញាតឱ្យ លោក ច សូមីន (Kyaw Soe Min) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋមីយ៉ាន់ម៉ាចូលជួបជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល កម្ពុជា និងក្នុងនាមសម្តេចផ្ទាលសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះលោក ច សូមីន ដែលត្រូវបានលោកនាយឧត្តមសេនីយ៍ជាន់ខ្ពស់ ប្រធានក្រុមប្រឹក្សាភិបាលរដ្ឋ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា តែងតាំងលោកជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានកត់សម្គាល់ដោយសេចក្ដីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ កម្ពុជា-មីយ៉ាន់ម៉ា មានប្រវត្តិទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរលង់មកហើយ ប្រទេសនិងប្រជាជនទាំងពីរគោរពប្រតិបត្តិសាសនាព្រះពុទ្ធដូចគ្នា។ សម្តេចមានជំនឿជឿជាក់ថា ក្នុងឋានៈលោកជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋមីយ៉ាន់ម៉ាប្រចាំព្រះរាជាណាចក្រកម្ពុជា លោកនឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។



ដោយគិរីដងរែក