សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការដាក់ចុះតំណែងក្នុងពេលមានជីវិត គឺជាការប្រសើរជាងការផ្ទេរតំណែងពេលអស់ជីវិត។ ការរៀបចំផ្ទេរតំណែងរបស់សម្តេចនាពេលនេះ គឺយកតាមព្រះរាជគំរូរបស់ព្រះបរមរតនកោដ្ឋ។
សម្រាប់ការប្រគល់តួនាទីឱ្យក្រុមយុវជននៅពេលនេះ ជាពេលវេលាដ៏ស័ក្តិសមសម្រាប់ការធានាបានសុខសន្តិភាព និងការអភិវឌ្ឍន៍។
សម្តេចមានប្រសាសន៍ថា ៖ «មុននេះមានសេនារីយោចំនួនពីរ ដែលដាក់ចេញ សេនារីយោទី១៖
ពួកក្រុមចាស់បន្តដឹកនាំរដ្ឋាភិបាល ១ឆ្នាំ ឬ២ឆ្នាំ រួចហើយបានចាកចេញ និងបន្ទាប់ទៅប្រគល់ទៅឱ្យអ្នកជំនាន់ក្រោយ នេះជាសេនារីយោទី១។
សេនារីយោទី២ គឺសេនារីយោ ឱ្យចាប់ផ្តើមពីដើមអាណត្តិ យោងទៅលើលក្ខខណ្ឌ និងលក្ខណៈសម្បត្តិ ក៏ដូចជាសភាពការណ៍អំណោយផល គណៈអចិន្ត្រៃយ៍បានសម្រេចជ្រើសរើសយកសេនារីយោទី២ គឺឱ្យរដ្ឋាភិបាលថ្មីនេះ ចេញដំណើរពីដើមទីតែម្តង ដោយមិនចាំបាច់ឱ្យមានអន្តរកាលមួយឱ្យអ្នកចាស់ទេ»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចបែបនេះដើម្បីផ្តល់អំណាចពេញលេញទៅឱ្យអ្នកបន្តវេន មានលទ្ធភាពធ្វើកិច្ចការរបស់ពួកគេពេញមួយអាណត្តិតែម្តង។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការធ្វើបែបនេះជាការធានាដ៏ធំបំផុតដែលនឹងគ្មានវិបត្តិណាមួយកើតឡើងនៅពេលដែលនាយករដ្ឋមន្ត្រីចាស់ ធ្វើការមិនកើត មានគ្រោះថ្នាក់ ឬរហូតដល់ស្លាប់ គឺវានឹងគ្មានអ្វីកើតនោះទេ។
សម្តេចមានប្រសាសន៍ថា ៖ «ជំនាន់ក្រោយបានចូលមកដឹកនាំ ក្នុងពេលដែលពួកគេបានរៀបចំខ្លួនបានយ៉ាងល្អ ពួកគេមកទទួលអំរែកពីពួកយើងដែលជាមនុស្ស ចាស់សម្រាប់ដំណើរការរយៈពេលវែងរបស់ពួកគេ ហើយពួកគេមិនមែនជាក្មេងទៀតទេ បើប្រៀបធៀបជាមួយខ្ញុំ ខ្ញុំចូលកាន់អំណាចនៅពេលដែលខ្ញុំចូលធ្វើជានាយករដ្ឋមន្ត្រី គឺខ្ញុំមានអាយុត្រឹមតែ៣២ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែ អីឡូវនេះនាយករដ្ឋមន្ត្រីថ្មី មានអាយុ៤៦ឆ្នាំ»។







ដោយគិរីដងរែក




