សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រាប់អ្នកវិនិយោគជប៉ុនថា បច្ចុប្បន្ន ច្បាប់ វិនិយោគនៅកម្ពុជា មានលក្ខណៈល្អប្រសើរច្រើនណាស់ សូមចូលមកវិនិយោគ ដោយរីករាយ ។
សម្ដេចតេជោបញ្ជាក់បែបនេះ ខណៈសម្ដេច បានទទួលជួបពិភាក្សាការងារជា មួយលោក កាបាសហ្ស៊ីម៉ា អ៊ីគូអុ អភិបាលខេត្តគូម៉ាម៉ូតូ និងក្រុមហ៊ុនធុរកិច្ចចំនួន ៨ ក្រុមហ៊ុន ដែលកំពុងធ្វើពាណិជ្ជកម្មនៅ កម្ពុជា និង កំពុងរៀបចំធ្វើពាណិជ្ជកម្មបន្ថែមទៀតនៅកម្ពុជានាពេលខាងមុខ។
នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះក្រុមហ៊ុនទាំងអស់ ដែលបាននឹងកំពុងធ្វើពាណិជ្ជកម្មនៅ កម្ពុជា និងកំពុងមានគម្រោងទៅបណ្ដាក់ទុនវិនិយោគនៅក្នុងប្រ ទេសកម្ពុជានៅពេលខាងមុខ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោ បានអនុញ្ញាតឱ្យក្រុមហ៊ុននីមួយៗបានលើកឡើងអំពីសកម្មភាពវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគម្រោ ងវិនិយោគនាពេលខាងមុខផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្រ្តី បញ្ជាក់ថា៖ “បច្ចុប្បន្ននេះ ច្បាប់វិនិយោគនៅក្នុងប្រទេសកម្ពុជា គឺ មានភាពល្អប្រសើរច្រើនសម្រាប់អ្នកវិនិយោគក្រៅប្រទេសទាំងអស់ ដែលចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា”។ បើតាមសម្ដេចតេជោ ការវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹង ពង្រីក ទំនាក់ទំនងសេដ្ឋកិច្ច រវាង ប្រទេស ទាំងពីរឲ្យកាន់ តែ ល្អប្រសើរបន្ថែមទៀត។
នៅក្នុង ជំនួប ជាមួយក្រុមហ៊ុនមីតស៊ូប៊ីស៊ី (MITSUBISHI) លោក Yogo KANDA អ្នកចាត់ការទូទៅនៃក្រុមហ៊ុនមីតស៊ូប៊ីស៊ី (MITSUBISHI) នៅភ្នំពេញ និងជាប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជា បាន ជម្រាបជូនសម្ដេចតេជោ អំពីសកម្មភាពរបស់ក្រុមហ៊ុនរបស់លោកនៅក្នុងប្រទេសកម្ពុជា ជាពិសេសលោកមានក្រុមហ៊ុនចំនួន ៣ ដែល បំបែកចេញពីក្រុមហ៊ុនធំរបស់គាត់ ដែលទីមួយ គឺក្រុមហ៊ុន MITSUBISHI Corporation ជាក្រុមហ៊ុនមួយគ្រប់គ្រងការផលិត និងដឹកជញ្ជូន ផលិតផលកាត់ដេរ ពីប្រទេសកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ទី២ គឺក្រុមហ៊ុននាំចូលនូវរថយន្តមកកាន់ទីផ្សារកម្ពុជា និងទី៣ ជាក្រុមហ៊ុនលក់តំឡើង និងជួសជុល ថែទាំជណ្ដើរយន្ត។
នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុនសែន បានចាត់ទុក ក្រុមហ៊ុនមីតស៊ុប៊ីស៊ី ដែលបានបើកនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៧ ដែល ពេលនេះមានរយៈពេល ២៥ ឆ្នាំហើយ ថា មានភាពចាស់ទុំ ហើយអ្វីដែលសំខាន់ គឺមានការផ្លាស់ប្ដូរកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ អ្វីដែលទីផ្សាកម្ពុជាត្រូវការ ក៏មាន រថយន្ត ជណ្តើរយន្តនេះផងដែរ ដែលក្រុមហ៊ុន កំពុងតែវិនិយោគសព្វថ្ងៃ។ ជាមួយគ្នានោះ សម្តេចតេជោក៏ចង់ឃើញពីការនាំចេញផលិតផលកម្ពុជា ទៅ កាន់ទីផ្សារអន្តរជាតិផងដែរ ជាពិសេស ផលិតផលកាត់ដេរ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយ ដែលសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា មានកិច្ចប្រជុំជាទៀងទាត់ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងមួយឆ្នាំ ២ ដង។ សម្ដេចបានបានជំរុញបង្កើន ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បន្ថែមទៀត ជាពិសេសធ្វើយ៉ាងណាជំរុញការនាំចេញវិស័យកាត់ដេរឱ្យបានកាន់តែច្រើនទៅទីផ្សារអន្តរជាតិ ជាពិសេសទីផ្សាររបស់ប្រទេសជប៉ុន ៕
ដោយគីរីដងរែក