(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីចាំផ្ទះ លោក រ៉ូឌ្រីហ្គោ ឌូតើតេ ដែលត្រូវបានអង្គការការពារសិទ្ធិមនុស្សចោទប្រកាន់ថាបានញុះញង់ និងបញ្ជាឱ្យមន្រ្តីប៉ូលិស បាញ់សម្លាប់ជនសង្ស័យក្នុងសង្គ្រាមគ្រឿងញៀន ទំនងជាមិនអាចប្រឈមនឹងការកាត់ទោសនោះទេ នៅក្រោយពេលលោកចុះចេញពីតំណែង នៅថ្ងៃ ព្រហស្បតិ៍ ទី៣០ ខែមិថុនានេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២។
គោលនយោបាយរបស់លោក ឌូតើតេ ក្នុងការលុបបំបាត់គ្រឿងញៀន ត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយ និងបានជំរុញឱ្យមានការស៊ើបអង្កេតអន្តរជាតិ មួយទៅលើបទសង្ស័យពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ប៉ុន្តែ បុរសខ្លាំងវ័យ ៧៧ឆ្នាំរូបនេះ នៅតែមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមប្រជាជន ជាច្រើននៅក្នុងប្រទេសហ្វីលីពីន ដែលគាំទ្រដំណោះស្រាយរបស់លោកចំពោះឧក្រិដ្ឋកម្ម ហើយលោកនៅតែជាកម្លាំងនយោបាយដ៏មានឥទ្ធិពល។
ក្រុមអ្នកវិភាគបានគូសបញ្ជាក់ថា លទ្ធផលបោះឆ្នោតកាលពីខែមុន បានពង្រឹងការការពាររបស់លោក ឌូតើតេ ប្រឆាំងនឹងការកាត់ទោសដ៏មានសក្តានុពល បន្ទាប់ពីលោកចុះចេញពីតំណែង។
លោក Greg Wyatt នាយកផ្នែកស៊ើបការណ៍សម្ងាត់ធុរកិច្ចនៅ PSA Philippines Consultancy បានបន្ថែមថា «ការបោះឆ្នោតជាមូលដ្ឋានបានសម្រេចថានឹង មិនមានការស៊ើបអង្កេតទៅលើតួនាទីរបស់ប្រធានាធិបតីហ្វីលីពីន លោក ឌូតើតេ នៅក្នុងសង្គ្រាមគ្រឿងញៀនសម្រាប់រយៈពេល ៦មួយឆ្នាំខាងមុខទេ»។
គួរបញ្ជាក់ថា ទិន្នន័យរបស់រដ្ឋាភិបាលហ្វីលីពីនបានបង្ហាញថាមនុស្សជាង ៦,២០០នាក់បានស្លាប់នៅក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀនរបស់ប៉ូលិស ចាប់តាំងពីលោក ឌូតើតេ បានចូលកាន់តំណែងក្នុងឆ្នាំ២០១៦៕
ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក