34 C
Phnom Penh
Friday, January 24, 2025
- Advertisement -spot_img

សង្គមស៊ីវិលឱ្យ ពន្លឿនច្បាប់ស្តី ពីសិទ្ធិទទួលព័ត៌មាន

- Advertisement -spot_img

តំណាងអង្គការសង្គម ស៊ីវិលចំនួន ៣៣ ធ្វើដំណើរទៅដាក់ញត្តិ ជូនលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើបញ្ចប់សេចក្តីព្រាងច្បាប់ ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ។

កាលពីម្សិលមិញអង្គការសង្គមស៊ីវិលចំនួន ៣៣ បានដាក់លិខិតទៅលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្វែងរកអន្តរាគមន៍របស់ លោកដើម្បីពន្លឿនសេចក្តីព្រាងច្បាប់ស្តីពី “ សិទ្ធិទទួលបានព័ត៌មាន ” ហើយដាក់ជូនរដ្ឋសភាដើម្បីពិភាក្សា ។

លោក ឡាំ សុជាតិ នាយកប្រតិបត្តិ នៃវិទ្យាស្ថាន តស៊ូ មតិ និងគោលនយោបាយ ( A P I ) តំណាងអង្គការសង្គម ស៊ីវិលចំនួន ៣៣ បានប្រាប់អ្នកសារព័ត៌មាន កាលពីម្សិលមិញថា៖ « យើងកត់សំគាល់ថាសេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំ និងបញ្ចប់ក្នុងខែមករា ឆ្នាំ២០១៨ ប៉ុន្តែ វាហាក់បីដូចជា មិនមានការវិវត្តទេ » ។

លោកថា ៖ « ដោយសារ សេចក្តីព្រាងច្បាប់នេះ មានសារៈសំខាន់ និងចាំបាច់ដូច្នេះ យើងអង្គការសង្គមស៊ីវិល សូមស្នើ ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំអន្តរាគមន៍ របស់លោកដើម្បី បញ្ចប់ដំណើរការនៃសេចក្តីព្រាងច្បាប់នេះ ដោយបញ្ចូលយោបល់ ពីអង្គការសង្គម ស៊ីវិលហើយដាក់ ជូនរដ្ឋសភាដើម្បីការពិភាក្សា និងការអនុម័ត » ។

លោកបានបន្ថែមថា សំណើមួយចំនួនត្រូវបានដាក់បញ្ចូល ប៉ុន្តែមិនមែន ជាសំណើសំខាន់នោះទេ ។

ទន្ទឹមនឹងនោះ ដោយលើកឡើងពីមូលហេតុ នៃការពន្យារពេលនេះ អ្នកនាំពាក្យក្រសួងព័ត៌មានលោកមាសសោ ភ័ណ្ឌបានប្រាប់អ្នកការសែត កាលពីម្សិលមិញថា ក្រសួងចង់ឱ្យច្បាប់នេះត្រូវបានពិភាក្សាឱ្យបានទូលំទូលាយពីគ្រប់មជ្ឈដ្ឋាននៃ សង្គម និងក្រសួងសំខាន់ៗ មុននឹងបញ្ជូនទៅកាន់ទីស្តីការ គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យបន្ថែម ។

លោកបានបន្ថែមថា ការពន្យារពេលយូរ ក៏ដោយសារតែការផ្ទុះឡើងនៃជំងឺ កូវីដ-១៩ ដោយលោកបាន បន្ថែមថា ៖ « ច្បាប់មិនត្រូវ បានបង្កើតសម្រាប់តែក្រុមអ្នកកាសែតទេ ។ ប៉ុន្តែគឺ សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ក្នុងការទទួលបានព័ត៌មានពីស្ថាប័ន សាធារណៈ ។ នោះហើយជាមូលហេតុ ដែលត្រូវពន្យារពេល » ។

លោកបានប្រាប់ដែរថា សេចក្តីព្រាងច្បាប់នេះ ពេលនេះកំពុងស្ថិតក្រោមការពិនិត្យដោយអ្នកជំនាញក្រសួងយុត្តិធម៌ ហើយនឹងត្រូវ បញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងអនុម័តក្នុងពេលឆាប់ៗនេះ ។

លោកថា ៖ « សព្វថ្ងៃនេះ មានប្រទេសតែបួនប៉ុណ្ណោះ ក្នុងអាស៊ាន ដែលមានច្បាប់ស្ដីពីសិទ្ធិ ទទួលបានព័ត៌មាន ។ ដូច្នេះនៅពេល អនុម័តកម្ពុជាក្លាយជា ប្រទេស ទី ៥ ដែលមានច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាន » ។

លោក ណុប វី នាយកប្រតិបត្តិ សមាគមសម្ព័ន្ធ អ្នកសារព័ត៌មាន កម្ពុជា [ CamboJa ] មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ នេះ គួរតែស្ថិតនៅលើអាទិភាពរបស់រដ្ឋសភា ដែលត្រូវពិភាក្សា និងអនុម័ត ។

លោកបន្តថាការ ពន្យារពេល នៃការអនុម័តច្បាប់ នេះបានប៉ះពាល់ដល់សិទ្ធិ របស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានជាពិសេស អ្នកសារព័ត៌មាន ពីការទទួលបាន ព័ត៌មានពីស្ថាប័នរដ្ឋាភិបាល និងក្រសួង ។

លោកថា ៖ « អ្នកកាសែតប្រឈម នឹងការលំបាកក្នុងការទទួលបានព័ត៌មានពាក់ព័ន្ធ ដោយសារតែមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធ បដិសេធ មិនបញ្ចេញព័ត៌មានលម្អិត » ។

លោក ថា ៖ « យើងសង្ឃឹមថា នៅពេលដែលសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័ត ដោយរដ្ឋសភាហើយត្រូវបានព្រះមហាក្សត្រប្រកាស ឱ្យប្រើប្រជាជនកម្ពុជារបស់យើងរួមទាំងអ្នកសារព័ត៌មាន នឹងទទួលបានព័ត៌មាន ត្រឹមត្រូវអំពីកម្មវិធីកំណែទម្រង់របស់រដ្ឋាភិបាល ដែលគោរពតម្លៃ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា » ។

លោក គង់ ចំរើន តំណាងខុទ្ទកាល័យនាយករដ្ឋមន្ត្រីបាន បញ្ជាក់កាល ពីម្សិលមិញថា ខុទ្ទកាល័យបានទទួលញត្តិ ពីអង្គការសង្គម ស៊ីវិលចំនួន ៣៣ រួចហើយ ហើយនឹងបញ្ជូនទៅនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យក្នុងពេលឆាប់ៗ ។

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img