(តូក្យូ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទនេះបានលើកសរសើរពី «មិត្តភាពដ៏ល្អ» ជាមួយនាយករដ្ឋមន្ត្រី លោក ហ្វូមីអុ គីស៊ីដា ជាមួយ ការសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិក មានការប្ដេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះវិស័យការពារជាតិរបស់ជប៉ុន នៅចំពោះមុខការកើនឡើងឥទ្ធិពលចិន និងផលប៉ះពាល់បង្កឡើងដោយសង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២។
ការកត់សម្គាល់ខាងលើរបស់លោក ចូ បៃដិន ធ្វើឡើងនៅពេលចាប់ផ្ដើមជំនួបជាមួយលោក គីស៊ីដា នៅឯវិមាន អាកាសាកា (Akasaka) ក្នុងទីក្រុងតូក្យូ និងបន្ទាប់ពីបានចូលគាល់ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (Naruhito)។ ថ្លែងនាឱកាសនោះ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «សម្ព័ន្ធភាពរវាង ជប៉ុន និងសហរដ្ឋអាមេរិក គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងភាពរុងរឿងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយសហរដ្ឋអាមេរិកនៅតែប្ដេជ្ញាចិត្តទាំងស្រុង ចំពោះវិស័យការពារជាតិរបស់ជប៉ុន»។
គួរបញ្ជាក់ថា លោក ចូ បៃដិន បានធ្វើដំណើរទៅដល់ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ហើយនៅក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃនេះ លោកក៏នឹងត្រូវចូលរួមផងដែរក្នុងកិច្ចប្រជុំជាមួយមេដឹកនាំនៃក្រុមប្រទេសក្វាដ (Quad) រួមមាន ជប៉ុន ឥណ្ឌា និងអូស្ត្រាលី នៅថ្ងៃអង្គារសប្ដាហ៍នេះ៕
ដោយគីរីដងរែក