អតីតនាយករដ្ឋមន្ត្រីដាណឺម៉ាក និងជាអគ្គលេខាធិការអង្គការណាតូលោក Anders Fogh Rasmussen បានទទួលយកតួនាទីថ្មីជាទីប្រឹក្សាកំពូលរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ។
នៅក្នុងការងារថ្មីនេះដែរ លោក Rasmussen បានចុះទៅមើលទីក្រុង Irpen របស់អ៊ុយក្រែន មុនពេលចូលរួមជាមួយជួររដ្ឋាភិបាលទីក្រុងកៀវរបស់លោក Zelensky ក្នុងនាមជាសមាជិកនៃក្រុមអ្នកជំនាញអន្តរជាតិដែលនឹងផ្តល់ដំបូន្មានដល់មេដឹកនាំអ៊ុយក្រែនអំពី “ការធានាសុវត្ថិភាព” សម្រាប់ប្រទេសដែលកំពុងការវាយលុកមួយនេះ ។
ចំណែកនៅក្នុងសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងបេសកកម្មថ្មីនេះ លោក Rasmussen បាននិយាយថា “ក្រុមការងាររបស់លោកនឹងពិនិត្យមើលពីរបៀបដែលដៃគូរបស់អ៊ុយក្រែនអាចជួយពង្រឹង និងកសាងកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនឡើងវិញដើម្បីបញ្ចៀសសង្គ្រាមលុកលុយនាពេលអនាគត” ។
ទន្ទឹមនោះ នេះមិនមែនជាលើកទីមួយទេ ដែលលោក Rasmussen ជួយប្រធានាធិបតីអ៊ុយក្រែន ខណៈនៅឆ្នាំ ២០១៦ អតីតអគ្គលេខាធិការអង្គការណាតូរូបនេះត្រូវបានជួលដោយលោកប្រធានាធិបតី Petro Poroshenko ឲ្យធ្វើជាទីប្រឹក្សាផងដែរ ។
ជាច្រើនឆ្នាំមកនេះ លោក Rasmussen បានធ្វើសេចក្តីថ្លែងការណ៍ជាច្រើនប្រឆាំងនឹងរុស្ស៊ី ដោយបានហៅរដ្ឋាភិបាលទីក្រុងមូស្គូថាជា “សត្រូវយុទ្ធសាស្ត្រ” និងបានអះអាងថា រុស្ស៊ីនឹងលុកលុយរដ្ឋបាល់ទិក ហើយមានតែណាតូប៉ុណ្ណោះដែលអាចបញ្ឈប់រឿងនេះបាន ។
ជាងនេះទៅទៀត លោក Rasmussen ក៏បានបញ្ចេញយោបល់ដែរថា លោកខាងលិចបានបង្កកំហុសក្នុងការមិនផ្តល់ផ្លូវច្បាស់លាស់ឲ្យប្រទេសហ្សកហ្ស៊ី និងអ៊ុយក្រែនសម្រាប់សមាជិកភាពណាតូ ហើយទាក់ទិន នឹងជម្លោះក្នុងប្រទេស អ៊ុយក្រែន លោក Rasmussen បានស្នើថាលោកខាងលិចមិនអាចឲ្យរុស្ស៊ីឈ្នះបានឡើយ ។
គួរបញ្ជាក់ថា លោក Anders Fogh Rasmussen បានចាកចេញពីតំណែងជានាយករដ្ឋមន្ត្រីដាណឺម៉ាកក្នុងឆ្នាំ ២០០៩ ដើម្បីក្លាយជាអគ្គលេខាធិការអង្គការណាតូ ហើយចាប់តាំងពីបានចាកចេញពីមុខតំណែងជាប្រធានណាតូក្នុងឆ្នាំ ២០១៤ ជាមួយនឹងយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំលើប្រទេសលីប៊ីក្នុងឆ្នាំ ២០១១ ដែលនាំឲ្យប្រទេសចូលទៅក្នុងសង្រ្គាមស៊ីវិល, លោក Rasmussen បានធ្វើការជាអ្នកប្រឹក្សានយោបាយនៅក្រុមហ៊ុន Rasmussen Global ៕




ប្រភព Sputnik news ប្រែសម្រួលដោយគីរីដងរែក