យប់ថ្ងៃទី១៤ ខែឧសភា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានរៀបចំពិធីលៀងសាយភោជន៍ជូនលោក ត្រាំ ប្រធានាធិបតីអាមេរិកដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។ លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះ ជាឆ្នាំដែលប្រទេសចិនចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ហើយក៏ជាខួបទី២៥០ នៃការបង្កើតសហរដ្ឋអាមេរិកផងដែរ ។ ប្រជាជននៃប្រទេសទាំងពីរចិននិងអាមេរិកសុទ្ធតែជាប្រជាជនដ៏អស្ចារ្យ ការសម្រេចបាននូវការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ និងការធ្វើឱ្យអាមេរិកមានភាពអស្ចារ្យឡើងវិញ អាចដើរស្របតាមទិសដៅជាមួយគ្នាបាន ភាគីយើងទាំងពីរអាចជួយសម្រេចគោលដៅគ្នាទៅវិញទៅមក ដើម្បីផ្តល់ផលប្រយោជន៍ដល់ពិភពលោក ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ក្នុងបរិបទថ្មី ខ្ញុំនិងលោកប្រធានាធិបតីត្រាំ សម្គាល់ឃើញជាឯកច្ឆន្ទថា ទំនាក់ទំនងរវាងចិននិងអាមេរិកជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅលើពិភពលោកបច្ចុប្បន្ន ។ ប្រទេសទាំងពីរមានកិច្ចសហការល្អ នោះនឹងមានអំណោយផលដល់ប្រទេសទាំងពីរ តែបើប្រឈមមុខដាក់គ្នាវិញ នោះនឹងត្រូវខាតបង់ទាំងសងខាង ដូច្នេះ ប្រទេសយើងទាំងពីរគួរក្លាយជាដៃគូនឹងគ្នា តែមិនមែនជាគូប្រជែងនោះទេ ។ យើងបានឯកភាពគ្នាបង្កើតទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្ររវាងចិននិងអាមេរិកដែលប្រកបដោយលក្ខណៈស្ថាបនា ក្នុងន័យជំរុញឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកទទួលបានការអភិវឌ្ឍប្រកបដោយស្ថិរភាព ភាពរឹងមាំនិងនិរន្តរភាព ដើម្បីនាំមកនូវសន្តិភាព វិបុលភាពនិងវឌ្ឍនភាពកាន់តែច្រើនដល់ពិភពលោក ។

លោក ត្រាំ បានថ្លែងអំណរគុណចំពោះលោក Xi Jinping ប្រធានរដ្ឋចិនដែលបានរៀបចំបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់កក់ក្តៅសម្រាប់លោកនិងគណៈប្រតិភូ ។ នេះជាដំណើរទស្សនកិច្ចដ៏សំខាន់មួយលើក ភាគីទាំងពីរបានធ្វើកិច្ចសន្ទនាដ៏សកម្មនិងប្រកបដោយលក្ខណៈស្ថាបនា ។ ប្រជាជនអាមេរិកនិងប្រជាជនចិនគោរពគ្នាទៅវិញទៅមក ហើយមានចំណងមិត្តភាពជាយូរលង់ណាស់មកហើយ ។ ទំនាក់ទំនងរវាងអាមេរិកនិងចិនជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅលើពិភពលោក ដូច្នេះ ប្រទេសទាំងពីរគួរបង្កើនកិច្ចសហប្រតិបតិ្តការ ដើម្បីកសាងអនាគតដ៏ល្អបវរសម្រាប់ពិភពលោក ៕
ដោយគិរីដងរែក




