ល្ងាចថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅដល់ទីក្រុងវ៉ាស៊ីនតោនតាមយន្តហោះពិសេស ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិកតាមការអញ្ជើញរបស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក។ ខណៈពេលលោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយាបានអញ្ជើញទៅដល់មូលដ្ឋានទ័ពអាកាស Joint Base Andrews ក្រុងវ៉ាស៊ីនតោន លោក Donald Trump និងលោកស្រី Melania Trump ជាភរិយាបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។
លោក Donald Trump បានថ្លែងថា ខ្ញុំមានក្តីសោមនស្សរីករាយណាស់ដោយបានទទួលបដិសណ្ឋារកិច្ចលោក Xi Jinpingនិងលោកស្រី Peng Liyuan នៅវ៉ាស៊ីនតោន នេះជាដំណើរទស្សនកិច្ចមួយដែលពិភពលោកទាំងមូលយកចិត្តទុកដាក់។ លោក Xi Jinping ជាមេដឹកនាំដ៏អស្ចារ្យ, ហើយខណៈពេលនេះជាពេលវេលាដ៏អស្ចារ្យ។ ខ្ញុំរំពឹងទុកផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅជាមួយលោក Xi Jinping ដើម្បីជំរុញទំនាក់ទំនងប្រទេសទាំងពីរឱ្យវិវឌ្ឍរីកចម្រើន។ កុមារអាមេរិកបានជូនបាច់ផ្កាស្រស់ចំពោះលោក Xi Jinping និងលោកស្រី Peng Liyuan ។ កងកិត្តិយសត្រែទ័ពប្រគំភ្លេងជាតិរបស់ប្រទេសចិននិងសហរដ្ឋអាមេរិក កាំភ្លើងធំចំនួន ២១ ណាត់បាន់បន្លឺឡើង យន្តហោះចម្បាំងហោះកាត់ដើម្បីសម្តែងការគោរព។ លោក Xi Jinping បានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរ ដោយតាងនាមឱ្យប្រជាជនចិនសម្តែងការសួរសុខទុក្ខដ៏ស្មោះស្ម័គ្រនិងការជូនពរដ៏ល្អបវរចំពោះប្រជាជនអាមេរិក។
លោក Xi Jinping បានលើកឡើងថា ប្រជាជនចិន និងប្រជាជនអាមេរិកមានប្រវត្តិសាស្ត្រផ្លាស់ប្តូរគ្នាដោយមេត្រីភាពអស់កាលជាយូរមកហើយ ផលប្រយោជន៍របស់ភាគីទាំងពីរបានរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ ប្រទេសទាំងពីរគួរតែធ្វើជាដៃគូនឹងគ្នា តែមិនមែនគូប្រជែង ការសម្រេចការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ និងការធ្វើឱ្យសហរដ្ឋអាមេរិកអស្ចារ្យម្តងទៀត គឺអាចបំពេញបន្ថែមគ្នា អាចជំរុញការអភិវឌ្ឍទៅវិញទៅមក ដើម្បីផ្តល់ផលប្រយោជន៍ដល់ពិភពលោក។ ពេលលោកប្រធានាធិបតី Trump អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅចិនកាលពីខែឧសភាឆ្នាំនេះ យើងបានឯកភាពគ្នាបង្កើតទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្រប្រកបដោយលក្ខណៈស្ថាបនារវាងចិននិងអាមេរិក ដែលជាការណែនាំជាយុទ្ធសាស្ត្រចំពោះអនាគតនៃទំនាក់ទំនងចិន-អាមេរិក។ ភាគីទាំងពីរចិននិងអាមេរិកគួរដើរស្របតាមទិសដូចគ្នា ដើម្បីជំរុញការកសាងទំនាក់ទំនងស្ថិរភាពដែលផ្តោតលើកិច្ចសហប្រតិបត្តិការ ប្រកួតប្រជែងមានកម្រិត អាចគ្រប់គ្រងការខ្វែងគំនិតបាន និងអាចរំពឹងទុកពីសន្តិភាព ដើម្បីដើរតាមមាគ៌ារួមរស់ជាមួយគ្នាដ៏ត្រឹមត្រូវ សម្រាប់ចិននិងអាមេរិកក្នុងយុគសម័យថ្មី។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ពិភពលោកកំពុងអភិវឌ្ឍ យុគសម័យកំពុងប្រែប្រួល ក៏ប៉ុន្តែ តក្កវិជ្ជាប្រវត្តិសាស្ត្រនៃការរួមរស់ដោយសន្តិសហវិជ្ជមានរវាងចិននិងអាមេរិកមិនដែលប្រែប្រួលនោះទេ ហើយការរំពឹងទុកនៃសហគមន៍អន្តរជាតិចំពោះចិននិងអាមេរិកក៏នៅដដែល។ ខ្ញុំរំពឹងទុកធ្វើការជាមួយលោកប្រធានាធិបតី Trump ផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅលើបញ្ហាសំខាន់ៗទាក់ទងនឹងទំនាក់ទំនងទ្វេភាគី និងស្ថានការណ៍ពិភពលោក បំពេញបន្ថែមខ្លឹមសារដ៏សម្បូរបែបនៃទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្រប្រកបដោយលក្ខណៈស្ថាបនារវាងចិននិងអាមេរិក ដើម្បីពង្រីកការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យរវាងចិននិងអាមេរិក។ ខ្ញុំក៏រំពឹងផងដែរអំពីការពង្រឹងមិត្តភាពជាមួយឥស្សរជនគ្រប់មជ្ឈដ្ឋានអាមេរិក ។ជឿជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ដំណើរទស្សនកិច្ចនេះប្រាកដជានឹងទទួលបានលទ្ធផលជាផ្លែផ្កាដ៏ច្រើន ដែលនឹងបង្កើនសុខុមាលភាពដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាបន្ថែមក្តីសង្ឃឹមដល់សន្តិភាពនៃពិភពលោក។ ប្រតិភូអមដំណើររួមមានលោក Cai Qi សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានខុទ្ទកាល័យមជ្ឈិមចិន និងលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនជាដើមបានទៅដល់តាមយន្តហោះដូចគ្នា។




ពេលលោក Xi Jinping ជិះឡានចេញពីអាកាសយានដ្ឋានទៅសណ្ឋាគារ ជនជាតិចិននិងអណិកជនចិន តំណាងនិស្សិតចិនបន្តការសិក្សានៅអាមេរិកបានឈរទទួលនៅសងខាងផ្លូវ ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន Xi Jinping ៕
ដោយគិរីដងរែក




