អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីមិនមានបំណងផ្លាស់ប្តូរគោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួនឲ្យបានឆាប់រហ័សនោះទេ ។
នៅពេលអ្នកកាសែតសួរថា តើគោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ីអាចត្រូវបានកែតម្រូវនៅពេលអនាគតឬយ៉ាងណា? លោក Peskov បាននិយាយថា “យើងមិននិយាយអំពីសកម្មភាពរហ័សមួយចំនួនក្នុងរឿងនេះនោះទេ” ។
លោក Peskov បានបញ្ជាក់ទៀតថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កំពុងបន្តពិភាក្សាឥតឈប់ឈរជាមួយអ្នកជំនាញនុយក្លេអ៊ែរ ខណៈការប្រៀបធៀបនៃគោលការណ៍ណែនាំស្រដៀងគ្នានេះ ក៏ត្រូវបានធ្វើឡើងផងដែរ ហើយការប្រើប្រាស់នុយក្លេអ៊ែរណាមួយនឹងពិចារណាអំពីរបៀបដែលស្ថានភាពទាំងមូលកំពុងវិវត្ត ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ទីក្រុងមូស្គូចាត់ទុកអាវុធនុយក្លេអ៊ែរជាមធ្យោបាយការពារ ឬជាកត្តារារាំង ហើយដឹងពីគ្រោះថ្នាក់ដែលបង្កឡើងដោយអាវុធប្រភេទនេះ ។
លោក Putin បានបន្ថែមថា មិនដូចអាមេរិកដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំនៅអឺរ៉ុបទេ, រុស្ស៊ីកំពុងអនុវត្តគោលនយោបាយនុយក្លេអ៊ែរដែលមានទំនួលខុសត្រូវជាង ហើយមិនផ្ទេរអាវុធនុយក្លេអ៊ែររបស់ខ្លួនទៅកាន់ប្រទេសផ្សេងទៀតឡើយ ៕

ប្រភព Anadolu Agency ប្រែសម្រួលដោយគីរីដងរែក




