ប្រធានាធិបតី Joe Biden បានធ្លាក់ពីលើកង់របស់លោក ខណៈពេលដែលព្យាយាមឈប់ ដើម្បីស្វាគមន៍ហ្វូងអ្នកគាំទ្រ និង ក្រុមអ្នក សារព័ត៌មាន នៅឧទ្យាន Cape Henlopen State Park ក្នុងរដ្ឋ Delaware កាលពីព្រឹកថ្ងៃសៅរ៍។
នៅ ក្នុង ឃ្លីប មួយ ដែល ត្រូវ បាន បង្ហោះនៅលើ Twitter ដោយអ្នកយក ព័ត៌មាន CNN លោក Kevin Liptak បានបញ្ចាក់ថា សមាជិកសេវាកម្មសម្ងាត់ បានធ្វើ សកម្មភាព ជួយ ប្រធានាធិបតីឲ្យ ងើប ឡើងវិញ បន្ទាប់ពី លោក បាន ដួលភ្លាមៗ។
យ៉ាងណាមិញ ក្រោយ ភ្នាក់ងារសម្ងាត់បានជួយ ប្រធានាធិបតី អាមេរិក រូបនេះ ក៏ បាន និយាយទៅកាន់អ្នកគាំទ្រថា “ខ្ញុំ មិន អី ទេ” ។ ខណៈលោក Biden ដើរទៅកាន់ហ្វូង មនុស្ស ដែល បានទះដៃស្វាគមន៍ និង អបអរសាទរចំពោះលោក ។
បន្ទាប់ពីឧបទ្ទវហេតុនេះ មន្ត្រី សេតវិមាន បាន ចេញ សេចក្តី ថ្លែងការណ៍ មួយទៅកាន់ប្រជាជន ដោយនិយាយថា ប្រធានាធិបតី “បានយកជើងជាន់នៅលើឈ្នាន់ ខណៈពេលកំពុងត្រៀមចុះពីកង់”។ ពួកគេបានបន្ថែមថា “គាត់មិនអីទេ”។
គួរ បញ្ជាក់ ដែរ ថា លោក Biden និងភរិយា Jill Biden កំពុងចំណាយពេលជាមួយគ្នា នៅចុង សប្ដាហ៍ នៅ ឯ ផ្ទះ វិស្សមកាល ឆ្នេរ Rehoboth រដ្ឋ Delaware នេះបើយោងតាម សារព័ត៌មាន Associated Press ។ គូស្នេហ៍ មួយគូនេះបានប្រារព្ធខួបអាពាហ៍ពិពាហ៍លើកទី ៤៥ នៅថ្ងៃសុក្រ មុន ថ្ងៃបុណ្យ Father’s Day ចុង សប្ដាហ៍ នេះ៕

ប្រភព Associated Press ប្រែសម្រួលដោយគីរីដងរែក