(បរទេស)៖ សហស្ថាបនិក និងជាអតីតនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Twitter លោក Jack Dorsey បានសុំទោសចំពោះការបញ្ឈប់បុគ្គលិកដែលកំពុងបន្តនៅក្នុងក្រុមហ៊ុន ដោយអះអាងថា គាត់បានរីកចម្រើនវា “លឿនពេក”។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២។
ការចេញមុខសុំទោសជាសាធារណៈនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការបញ្ឈប់បុគ្គលិកប្រមាណជិត ៤ពាន់នាក់ ដែលបានប៉ះពាល់ដល់ ៥០ភាគរយនៃកម្លាំងការងាររបស់ Twitter ហើយការបញ្ឈប់បុគ្គលិកនេះបានកើតមានឡើងបន្ទាប់ពីមហាសេដ្ឋី Elon Musk បានឡើយកាន់កាប់ Twitter ជាផ្លូវការ និងដោយខ្លួនឯងផ្ទាល់។
” មនុស្សនៅ Twitter អតីតកាល និងបច្ចុប្បន្នគឺរឹងមាំ និងធន់។ ពួកគេនឹងតែងតែស្វែងរកផ្លូវដោះស្រាយ មិនថាពេលលំបាកយ៉ាងណាក៏ដោយ។ ខ្ញុំដឹងថាមនុស្សជាច្រើនខឹងនឹងខ្ញុំ។ ខ្ញុំមានទំនួលខុស ត្រូវចំពោះមូលហេតុ ដែលអ្នករាល់គ្នាស្ថិតក្នុងស្ថានភាពនេះ។” នេះជាការលើកឡើងរបស់លោក Dorsey។
លោកបានបន្ថែមទៀតថា “ខ្ញុំបានពង្រីកទំហំក្រុមហ៊ុនលឿនពេក។ ខ្ញុំសុំទោសចំពោះរឿងនោះ”។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីកិច្ចព្រមព្រៀងទិញលក់ ៤៤ពាន់លានដុល្លារត្រូវបានអនុវត្ត លោក Elon Musk បានប្រកាសឡើងកាន់អំណាចដោយផ្ទាល់នៅក្នុងក្រុមហ៊ុនTwitter ដោយបានដក CEO និងបញ្ឈប់បុគ្គលិករហូតដល់ជិត ៤ពាន់នាក់៕

ប្រភព RT ប្រែសម្រួលដោយគីរីដងរែក




