ហ្សេម អែលហ្សេក៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់កិច្ចប្រជុំកំពូល ស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារទី៨ ខែវិច្ឆិកាថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីដោះស្រាយការកើនឡើងកំដៅផែនដី។
ថ្លែងតាមរយៈតំណភ្ជាប់វីដេអូទៅកាន់កិច្ចពិភាក្សា ស្តីពីអាកាសធាតុ COP27 នៅក្នុងប្រទេសអេហ្ស៊ីប លោក ហ្សេលេនស្គី បានបញ្ជាក់យ៉ាងដូច្នេះថា យើងត្រូវតែបញ្ឈប់សង្រ្គាមឆ្កួតលីលា និងខុសច្បាប់របស់រុស្ស៊ី ដែលកំពុងបំផ្លាញសមត្ថភាពរបស់ពិភពលោក ក្នុងការធ្វើការរួបរួមគ្នាសម្រាប់គោលដៅរួមមួយ។
លោក ហ្សេលេនស្គី បន្ថែមថា មេដឹកនាំពិភពលោកត្រូវតែប្រាប់អ្នកដែលមិនប្រកាន់យកការប្រែប្រួលអាកាសធាតុថា ពួកគេកំពុងប្រព្រឹត្តិកំហុសដ៏មហន្តរាយ។ រុស្ស៊ីគឺជាអ្នកដែលចាប់ផ្តើមសង្រ្គាមឈ្លានពាន នៅពេលដែលភពផែនដីត្រូវការសកម្មភាពរួមគ្នាជាសកល។
លោកថា អ៊ុយក្រែនកំពុងដាក់ចេញនូវផែនការមួយនៅក្នុងសន្និសីទនៅឯទីក្រុងរមណីយដ្ឋានឆ្នេរ Sharm el-Sheikh ដើម្បីវាយតម្លៃពីផលប៉ះពាល់នៃសកម្មភាពយោធាលើអាកាសធាតុ និងបរិស្ថាន។
បើតាមលោក ហ្សេលេនស្គី ការប្រយុទ្ធគ្នាបានបំផ្លាញព្រៃឈើយ៉ាងហោចណាស់ ៥លានហិចតា ក្នុងនោះ២លានហិកតាក្នុងប្រទេសអ៊ុយក្រែន ខណៈកំពុងមានការគំរាមកំហែងពី “គ្រោះមហន្តរាយវិទ្យុសកម្ម” នៅរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប គឺ ហ្សាប៉ូរីសហ្ស៊ីយ៉ា ដែលគ្រប់គ្រងដោយរុស្ស៊ី៕




ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក




