ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានថាសង្រ្គាម បាន និងកំពុងត្រឡប់ចូលទៅក្នុងទឹកដីរុស្ស៉ីវិញហើយ បន្ទាប់ពីយន្ដហោះដ្រូន ៣គ្រឿងរបស់អ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់ក្នុងដែនអាកាសនៃទីក្រុងមូស្គូ។
លោក ហ្សេលេនស្គីនិយាយ ដូច្នេះថា «បន្តិចម្ដងៗ សង្រ្គាមកំពុងត្រឡប់ចូលទៅក្នុងទឹកដីរុស្ស៉ីវិញ ទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមូលដ្ឋានទ័ព ហើយនេះជារឿងចៀសមិនរួច ជាធម្មជាតិ និងយុត្តិធម៌ត្រឹមត្រូវបំផុត»ហើយ «អ៊ុយក្រែនកាន់តែរឹងមាំឡើងៗ» ។
លោកនៅតែព្រមានដដែលថា ប្រទេសរបស់លោកត្រូវតែត្រៀមលក្ខណៈសម្រាប់ការវាយប្រហារថ្មីណាមួយ លើហេដ្ឋារចនាសម្ព័ន្ធថាមពល ក្នុងរដូវរងាខាងមុខ។
ការវាយប្រហារដោយយន្ដហោះដ្រូននេះ បានបង្កការខូចខាតដល់ ការិយាល័យចំនួន២ និងការបិទអាកាសយានដ្ឋានមួយរយៈពេលខ្លី។ មិនតែប៉ុណ្ណោះ ក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយ ទីក្រុងមូស្គូ ក៏បានបញ្ជាក់ដែរថា កងកម្លាំងរបស់ខ្លួនបានទប់ស្កាត់ទាន់ពេលវេលានូវការប៉ុនប៉ងវាយប្រហារដោយយន្ដហោះដ្រូន ២៥គ្រឿងរបស់អ៊ុយក្រែនលើតំបន់គ្រីមៀ៕
ការកត់សម្គាល់ខាងលើរបស់លោក ហ្សេលេនស្គី កើតមានឡើងបន្ទាប់ពីក្រសួងការពារជាតិរុស្ស៉ី បានអះអាងថាយន្ដហោះដ្រូន ៣គ្រឿងរបស់អ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់ក្នុងដែនអាកាសនៃទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។



ប្រភព BBC News ប្រែសម្រួលដោយគិរីដងរែក




