សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសម្រេចដកតំណែង លោក ភូ លិ ពីអភិបាល រងខេត្តកែប បន្ទាប់ពីអភិបាលរងខេត្តរូបនេះបានបៀតបៀន និងប្រើហិង្សាលើស្ត្រី ២ នាក់ នៅក្នុងកម្មវិធីជប់លៀងឡើងតំណែងប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មីរបស់លោក អ៊ិន សៅ កាលពីយប់ថ្ងៃទី ២៩ ខែធ្នូ។
សាច់ញាតិជនរងគ្រោះបានប្រាប់សារព័ត៌មានថា អភិបាលរងខេត្តកែប លោក ភូ លិ បានផឹកស្រាស្រវឹង រួចបានដើរមកតុជនរងគ្រោះ ហើយបានបៀតបៀនលើស្ត្រីម្នាក់ដែលជាប្រពន្ធគេ។ ខណៈពេលនោះនាងប្រាប់ទៅអភិបាលរងខេត្តកែបនោះថា៖«លោកធ្វើអ៊ីចឹងមិនត្រឹមត្រូវទេ ខ្ញុំមានប្តីរួចហើយ»។
បន្ទាប់មកលោកអភិបាលរងខេត្តកែបរូបនោះបានដើរចេញទៅតុខ្លួនវិញបានមួយភ្លែតក៏ស្រាប់តែដើរត្រឡប់មកតុជនរងគ្រោះម្តងទៀត។ ដោយមានការភ័យខ្លាចជនរងគ្រោះទាំងពីរបានដើរចេញពីតុបម្រុងទៅផ្ទះ ស្រាប់តែអភិបាលរងខេត្តកែប ភូ លិ បានយកកែវស្រាគប់សំដៅជនរងគ្រោះបណ្តាលឱ្យរបួសក្បាលធ្ងន់ធ្ងរ ដែលត្រូវបានសាច់ញាតិជនរងគ្រោះជញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងបានដេររបួសជិត២០ថ្នេរ។
ស្ត្រីរងគ្រោះមានឈ្មោះ ខូវ ហ៊ុយឡាំង បានរងរបួសបែកក្បាលផ្នែកក្រោមចិញ្ចើម លើត្របកភ្នែកខាងស្ដាំ ដេរចំនួន ១៦ថ្នេរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្ត្រីដែលត្រូវរងការបៀតបៀនមានឈ្មោះ ទ.ម.រ៕



ដោយគីរីដងរែក




