យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូធើរែស ថ្លែងថា លោកបាននិយាយទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងថ្ងៃពុធសប្តាហ៍នេះ អំពីការនាំចេញជីរបស់រុស្សី តាមរយៈកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារពិភពលោក ដែលកំពុងកើនឡើង ហើយគំរាមកំហែងបង្កជាគ្រោះទុរ្ភិក្សដល់ប្រទេសជាច្រើន ។
ទោះបីជាកិច្ចព្រមព្រៀងនៅថ្ងៃទី២២ ខែកក្កដា ដើម្បីចាប់ផ្តើមដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនចេញពីកំពង់ផែសមុទ្រខ្មៅ និងការនាំចេញស្បៀងអាហារ និងជីរបស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោកក៏ដោយ ក៏លោក ហ្គូធើរែស នៅតែអះអាងថា វាមានហានិភ័យ នៃគ្រោះទុរ្ភិក្សជាច្រើននៅឆ្នាំនេះ ។
លោក ហ្គូធើរែស បានប្រាប់សន្និសីទសារព័ត៌មានថា ពួកលោកក៏បានពិភាក្សាអំពីសន្តិសុខនៅឯរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប (ហ្សាប៉ូរីសហ្ស៊ីយ៉ា) ជាកន្លែងដែលលោកបាននិយាយថា ការទម្លាក់គ្រាប់បែកបានបញ្ឈប់ក្នុងរយៈពេលបីថ្ងៃកន្លងមក ហើយលោកចង់ឃើញមានការដោះដូរអ្នកទោសសង្គ្រាមផងដែរ ។
លោក ហ្គូធើរែស បន្ថែមថា ពិភពលោករបស់យើងកំពុងរងទុក្ខដោយសារសង្រ្គាម, ភាពវឹកវរបង្កពីការប្រែប្រួលអាកាសធាតុ, ស្លាកស្នាមនៃការស្អប់ខ្ពើម, ភាពក្រីក្រ ភាពអត់ឃ្លាន និងវិសមភាព ។
ប្រមុខអង្គការសហប្រជាជាតិរូបនេះបានសង្កត់ធ្ងន់ទៀតថា សង្គ្រាមនៅអ៊ុយក្រែនមិនត្រឹមតែបំផ្លាញប្រទេសនេះប៉ុណ្ណោះទេ ប៉ុន្តែបានអូសទាញសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះផងដែរ ហើយក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងសន្តិភាពគឺមាន «តិចតួចណាស់» ប៉ុន្តែលោកសង្ឃឹមថា វានឹងកើតឡើងក្នុងពេលឆាប់ៗនេះ ៕



ប្រភព AP news ប្រែសម្រួលដោយគីរីដងរែក




