ម៉ូស្គូ៖ បន្ទាប់ពីបានជួបជាមួយសមភាគីអ៊ីរ៉ង់ និងតួកគីនៅទីក្រុងតេហេរ៉ង់ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារសប្តាហ៍នេះបានបញ្ជាក់ថា សហរដ្ឋអាមេរិកចាំបាច់ត្រូវតែបញ្ឈប់ការលួចប្រេងពីរដ្ឋ និងប្រជាជនស៊ីរី។
ជាមួយគ្នានោះដែរ មេដឹកនាំទាំងបីបានយល់ស្របថា សហរដ្ឋអាមេរិកគួរតែចាកចេញពីតំបន់ ត្រែន យូហ្វ្រាត (trans-Euphrates) ហើយឈប់ធ្វើឱ្យវិបត្តិមនុស្សធម៌នៅក្នុងប្រទេសស៊ីរីកាន់តែអាក្រក់ ជាមួយនឹងទណ្ឌកម្មឯកតោភាគីរបស់ពួកគេ។
លោក ពូទីន បានប្រាប់អ្នកយកព័ត៌មាននៅល្ងាចថ្ងៃអង្គារសប្តាហ៍នេះថា ការដាក់ទណ្ឌកម្មបែបនេះមានតែលទ្ធផលមហន្តរាយប៉ុណ្ណោះ ហើយថា ការផ្តល់ជំនួយមនុស្សធម៌ដល់ស៊ីរីមិនគួរមានលក្ខណៈនយោបាយទេ។
លោក ពូទីន បន្តថា ទាហានអាមេរិកត្រូវតែចាកចេញពីទឹកដីភាគខាងកើតនៃទន្លេ យូហ្វ្រាត ហើយបញ្ឈប់ការលួចប្លន់ពីរដ្ឋស៊ីរី ពីប្រជាជនស៊ីរី ការនាំចេញប្រេងដោយខុសច្បាប់ លោកថា នេះគឺជា “ជំហររួម” របស់រុស្ស៊ី អ៊ីរ៉ង់ និងតួកគី។
គួរបញ្ជាក់ថា ទាហានអាមេរិករាប់រយនាក់មានវត្តមានដោយខុសច្បាប់នៅលើទឹកដីស៊ីរី ដែលភាគច្រើនគ្រប់គ្រងអណ្តូងប្រេង និងចម្ការស្រូវសាលីនៅភាគឦសានរបស់ប្រទេសនេះ ដែលគ្រប់គ្រងដោយកងជីវពលនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ចាប់តាំងពីការកម្ចាត់ពួកភេវរកររដ្ឋអ៊ីស្លាម IS ដែលពីមុនជា ISIS។
កងកម្លាំង SDF ដែលគាំទ្រដោយអាមេរិកបានបដិសេធមិនធ្វើសមាហរណកម្មជាមួយរដ្ឋាភិបាលស៊ីរី ដែលអាមេរិកចង់ឃើញការផ្តួលរំលំ។
ចាប់តាំងពីឆ្នាំ២០១៩មក សហរដ្ឋអាមេរិកបានស្វែងរកការដាក់ទណ្ឌកម្មនរណាម្នាក់ដែលព្យាយាមជួយដល់ការកសាងឡើងវិញនូវប្រទេសស៊ីរីដែលហែកហួរដោយសារសង្គ្រាម តាមរយៈច្បាប់ការពារជនស៊ីវិល សេសា ស៊ីរី (Caesar Syria Civilian Protection Act,” ដោយចោទប្រកាន់រដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរីលោក បាហ្សា អាសាដ ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងរារាំងជំនួយទាំងអស់ដល់ទីក្រុងដាម៉ាស់៕
![](https://kiridangrek.com/wp-content/uploads/2022/07/photo_2022-07-20_09-55-58.jpg)
![](https://kiridangrek.com/wp-content/uploads/2022/07/photo_2022-07-20_09-54-39.jpg)
ប្រភព hi INDiA ប្រែសម្រួលដោយគីរីដងរែក