ម៉ូស្គូ៖ ប្រទេសរុស្ស៊ីប្រកាសថា កងទ័ពរបស់ខ្លួនបានចាប់ផ្តើមធ្វើសមយុទ្ធនុយក្លេអ៊ែរ ដែលរួមមានការប្រើប្រាស់មីស៊ីលដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។ រុស្ស៊ីធ្វើសមយុទ្ធនេះជារៀងរាល់ឆ្នាំ។ សមយុទ្ធយោធាដែលចាប់ផ្តើមពីថ្ងៃពុធសប្តាហ៍នេះដែរ ត្រូវបានធ្វើឡើងស្ថិតក្រោមការបញ្ជារបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានចូលរួមពីវិមានក្រឹមឡាំងតាមរយៈប្រព័ន្ធវីដេអូអនឡាញ។
ការិយាល័យប្រធានាធិបតីរុស្ស៊ីបានលើកឡើងថា សមយុទ្ធនេះធ្វើឡើងពាក់ព័ន្ធនឹងការប្រើប្រាស់មីស៊ីលផ្លោងអន្តរទ្វីប Yars ដែលត្រូវបានបាញ់ចេញពីមូលដ្ឋាននៅភាគខាងជើងនៃប្រទេសរុស្ស៊ី។ ទន្ទឹមគ្នា មីស៊ីលផ្លោង Sineva ក៏ត្រូវបានបាញ់ចេញពីនាវាមុជទឹកនៅសមុទ្រ Barents ផងដែរ។យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 ក៏បានចូលរួមក្នុងសមយុទ្ធផងដែរ។
ការិយាល័យនេះបានសង្កត់ធ្ងន់ថា សមយុទ្ធនុយក្លេអ៊ែរខាងលើនេះ មានគោលបំណងធានានូវអំណាចរារាំងជាយុទ្ធសាស្ត្ររបស់ប្រទេសរុស្ស៊ី។ សហរដ្ឋអាមេរិកក្នុងថ្ងៃអង្គារសប្តាហ៍នេះបានអះអាងថា រុស្ស៊ីបានជូនដំណឹងដល់ខ្លួន អំពីផែនការរបស់ខ្លួនក្នុងការធ្វើសមយុទ្ធនុយក្លេអ៊ែរខាងលើនេះ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានប្រាប់អ្នកសារព័ត៌មានថា វិធានការជូនដំណឹងនេះគឺដើម្បីធានាថា សហរដ្ឋអាមេរិកនឹងមិនភ្ញាក់ផ្អើល ហើយកាត់បន្ថយហានិភ័យនៃការយល់ខុស។
ដោយឡែកប្រទេសលោកខាងលិចត្រូវបានគេជឿជាក់ថា កំពុងតាមដានយ៉ាងដិតដល់លើកងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ី ខណៈដែលទីក្រុងម៉ូស្គូកំពុងដាក់សម្ពាធលើអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួន ជាមួយនឹងការអះអាងថា ទីក្រុងកៀវមានផែនការបំផ្ទុះគ្រាប់បែកកខ្វក់ ដើម្បីវាយប្រហាររុស្ស៊ី៕



ប្រភព Aljazeera ប្រែសម្រួលដោយគីរីដងរែក