ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន បាន រិះគន់លោក វ្ល៉ាឌីមៀរ ពូទីន ថា ប្រធានាធិបតី រុស្ស៊ីរូបនេះបានវាយតម្លៃ និងគិតខុសទាំងស្រុងអំពីសមត្ថភាពរបស់ខ្លួនលើសង្គ្រាមលុកលុយនៅអ៊ុយក្រែន ។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអង្គារ, លោក បៃដិន បាននិយាយថា “លោក ពូទីន គឺជាតួសម្តែងសមសួន ប៉ុន្តែគាត់បានគណនាខុសទាំងស្រុងអំពីសង្គ្រាមនៅអ៊ុយក្រែន ព្រោះលោក ពូទីន មិន រំពឹង ថា ការលុកលុយមួយនេះ នឹង មាន រយៈពេល យូរ ដូច្នេះ ទេ” ។
ដោយឡែកនៅពេលសួរថាតើលោក ពូទីន នឹងប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រឬអត់នោះ លោក បៃដិន បាននិយាយថា លោកមិនគិតដូច្នេះទេ ប៉ុន្តែលោកបានរិះគន់លោក ពូទីន ចំពោះការនិយាយអំពីលទ្ធភាពការប្រើប្រាស់អាវុធបែបនេះ ។
លោក បៃដិន បាននិយាយថា “វាមិនសមនោះទេដែលមេដឹកនាំនៃមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតមួយក្នុងពិភពលោក និយាយអំពីការប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែននោះ” ។
ជាចុងក្រោយប្រធានាធិបតីអាមេរិករូបនេះបញ្ជាក់ថា លោកក៏បានរិះគន់ផងដែរលើមេដឹកនាំរុស្ស៊ីអំពីការប្រកាសជាឯកតោភាគីនូវការដាក់បញ្ចូលតំបន់ចំនួន ៤ របស់អ៊ុយក្រែនកាលពីពេលកន្លងទៅនេះថាជាការបំភ្លៃការពិត ៕



ប្រភព CNN ប្រែសម្រួលដោយគីរីដងរែក




