វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា សហរដ្ឋអាមេរិកថ្កោលទោសការប៉ុនប៉ងក្លែងបន្លំរបស់រុស្ស៊ីនៅថ្ងៃនេះ ដើម្បីដាក់បញ្ចូលទឹកដីអ៊ុយក្រែនទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន។ លោកថា រុស្ស៊ីកំពុងបំពានច្បាប់អន្តរជាតិ ជាន់ឈ្លីធម្មនុញ្ញអង្គការសហប្រជាជាតិ និងបង្ហាញការមាក់ងាយចំពោះប្រទេសសន្តិភាពគ្រប់ទីកន្លែង។
លោក បៃដិន បន្តថា សហរដ្ឋអាមេរិក នឹងប្រមូលផ្តុំសហគមន៍អន្តរជាតិ ដើម្បីបរិហារទង្វើរបស់រុស្ស៊ី និងធ្វើឱ្យទីក្រុងម៉ូស្គូទទួលខុសត្រូវចំពោះរឿងនេះ។ លោក បៃដិន បន្ថែមថា យើងនឹងបន្តផ្តល់ឲ្យអ៊ុយក្រែននូវឧបករណ៍ដែលខ្លួនត្រូវការដើម្បីការពារប្រទេសជាតិខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី។
ជាក់ស្តែង ក្នុងសប្តាហ៍នេះ សភាអាមេរិកបានអនុម័តលើច្បាប់មួយ ដែលបែងចែកថវិកាចំនួន ១២ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន បន្ថែមពីលើជំនួយរាប់សិបពាន់លានដុល្លារដែលត្រូវបានអនុម័តកាលពីដើមឆ្នាំនេះ។
ទន្ទឹមគ្នា លោក បៃដិន ក៏បានចុះហត្ថលេខាលើច្បាប់នេះឱ្យចូលជាធរមាននៅថ្ងៃសុក្រសប្តាហ៍នេះផងដែរ ហើយថែមទាំងបានជំរុញមេដឹកនាំពិភពលោកឲ្យបដិសេធការដាក់បញ្ចូលឧបសម្ព័ន្ធនេះ និងឈរកៀកស្មារជាមួយអ៊ុយក្រែន៕


ប្រភព Aljazeera ប្រែសម្រួលដោយគីរីដងរែក




