ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង កាលពីនៅវេលាម៉ោង ១ អាធ្រាត ត្រូវនឹងថ្ងៃសុក្រ ទី ២៣ ខែកម្ភៈ ឆ្នាំ ២០២៤នេះ បង្កឡើងដោយឡានទំនើប Lamborghini ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កម្ពុជា F.R 999 បានបើកបុកម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅស៊េរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ សៀមរាប 1Y 9127 បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
សម្រាប់ករណីគ្រោះថ្នាក់ចរាចណ៍នេះផងដែរ បានធ្វើឲ្យផ្ទុះពេញបណ្ដាញសង្គម និងតាមបណ្ដាញសារព័ត៌មាន ដែលបានចេញផ្សាយព្រោងព្រាតនោះ ស្រាប់តែម្ចាស់ផេក ឈ្មោះ BA FIDO Official ចេញមុខបកស្រាយដូចតទៅ៖

ប្រិយមិត្តទាំងអស់គ្នាជាទីគោរព! ខ្ញុំបាទឈ្មោះBA FIDO ៖ ទាក់ទងនឹងឧបទ្ទវហេតុអកុសលដែលបានកើតឡើងកាលពីយប់មិញនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះបុរសជនជាតិខ្មែរដែលបណ្ដាលអោយគ្រោះថ្នាក់បាត់បង់ជីវិត។
ខ្ញុំមានអារម្មណ៍សោកស្ដាយជាខ្លាំង ប៉ុន្តែខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា ខ្ញុំមិនមែនជាអ្នកបើកបរ ឬជាម្ចាស់រថយន្ត Lamborghini នោះទេ ប៉ុន្តែវាជាការពិតដែលយើងមានកំហុសដែលមិនអាចបដិសេធបាន ហើយយើងកំពុងទាក់ទងទៅក្រុមគ្រួសារសពដើម្បីសម្របសម្រួលរកដំណោះស្រាយ។
ជាក់ស្តែង បើយោងតាមការបញ្ជាក់របស់លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ប្រាប់អ្នកសារព័ត៌មាននៅរសៀលនេះ ថាខ្ញុំពិតជាមិនមែនជាជនបង្ករនោះទេ ដូច្នេះខ្ញុំសង្ឃឹមថាខាងសារពត៌មាននឹងជៀសវាងក្នុងការប្រញាប់ប្រញាល់ភ្ជាប់ខ្ញុំទៅនឹងគ្រោះថ្នាក់មួយនេះដោយគ្មានភស្តុតាងច្បាស់លាស់ គ្មានវិជ្ជាជីវៈ។ កុំដើម្បីតែចំនួននាក់តាមដាន(viewers)សសេរព័ត៌មានមិនពិតបង្ករអោយមានការយល់ច្រឡំមកលើរូបខ្ញុំ។
ទង្វើនេះមិនត្រឹមតែប៉ះពាល់ដល់ខ្ញុំប៉ុណ្ណោះទេ ថែមទាំងបាននាំអោយសាធារណជនមានការភាន់ច្រឡំ និងនាំអោយប៉ះពាល់ដល់កិត្តិយសខ្ញុំទៀតផង។ ខ្ញុំសូមប្រាប់ទៅសាធារណជនអោយបានជ្រាបថា ព័ត៌មានដែលផ្សាយអំពីខ្ញុំថាជាអ្នកបង្ករហេតុសុទ្ធសឹងមិនមែនជាការពិត ហើយខ្ញុំបានទាក់ទងទៅក្រុមមេធាវី ដើម្បីការពារសិទ្ធិរបស់ខ្ញុំ។
ជាចុងក្រោយ ខ្ញុំសូមអំពាវនាវម្តងទៀត ដល់គ្រប់ៗគ្នា ជាពិសេសប្រព័ន្ធផ្សព្វផ្សាយ សូមកុំធ្វើការវិនិច្ឆ័យ និងផ្សាយពត៌មានដោយមិនមានភស្តុតាងច្បាស់លាស់។ យើងគួរតែរង់ចាំ លទ្ធផលស៊ើបអង្កេតរបស់ប៉ូលីសនគរបាលទាំងអស់សិន ហើយខ្ញុំនឹងផ្តល់ឱ្យជនរងគ្រោះ និងក្រុមគ្រួសារសពរនូវការគោរព និងការអាណិតអាសូរផងដែរ។🙏🙏🙏

សូមបញ្ជាក់ថា៖ សពជនរងគ្រោះ ឈ្មោះ សោន សឹត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរដឹកជញ្ជូនតាមអនឡាញ មានស្រុកកំណើតនៅភូមិគោកក្រោល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប បានស្លាប់នៅកន្លែងកើតហេតុភ្លាម។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចផ្នែកជំនាញប្រគល់ទៅឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។

សម្រាប់ម៉ូតូជនរងគ្រោះ និងរថយន្តបង្កត្រូវបានសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះវាស់វែងយកទៅរក្សាទុកនៅជំនាញនគរបាលចរាចរណ៍ផ្លូវគោករង់ចាំធ្វើការដោះស្រាយបន្តពេលក្រោយ ៕
សម្រាប់ករណីគ្រោះថ្នាក់ចរាចណ៍ខាងលើនេះដែរ សារព័ត៌មានគិរីដងរែកយើងខ្ញុំ និងតាមដានបន្តទៀត ដើម្បីស្វែងរកព័ត៌មានច្បាស់ការ ផ្សាយជូនប្រិយមិត្តតាមដានបន្ត សូមអរគុណ។




ដោយគិរីដងរែក




