ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំបានបន្តការហ្វឹកហាត់យ៉ាងរលូនក្រោមការដឹកនាំពីអ្នកចាត់ការទូទៅ Keisuke Honda និងគ្រូបង្គោល Ryu Hiroshe នាទីលាននៃពហុកីឡដ្ឋានមរកតេជោ ដើម្បីត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម ២០២១ ក្នុងខែឧសភា នៅប្រទេសវៀតណាម។
កីឡាករទាំង២៦នាក់បានប្រឹងប្រែងហ្វឹកហាត់យ៉ាងពេញទំហឹង មុនឈានទៅចម្រាញ់យកបញ្ជីចុងក្រោយចំនួន២០នាក់។ ក្នុងការហ្វឹកហាត់នេះ មានការផ្ដោតលើបច្ចេកទេស តាក់តិច និងកាយសម្បទា។
និយាយពីធនធានវិញ លោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមជម្រើសជាតិ U23 កម្ពុជា ទទួលស្គាល់នៅមានកម្រិតទាបជាងក្រុមមួយចំនួនទៀតក្នុងតំបន់ ហើយការប្រកួតប្រជែងមិនទាន់គ្រប់គ្រាន់ ហើយពិបាកស្វែងរកទីតាំងសម្រាប់កីឡាករខ្លះ។
ជុំវិញការជ្រើសរើសបញ្ជីចុងក្រោយ លោក ភា សុភ័ក្ត្រា សង្កត់ធ្ងន់ថា ក្រុមនឹងពិនិត្យទៅលើការប្រឹងប្រែងរបស់កីឡាករ វិន័យ និងការយល់លើតាក់តិច ក៏ដូចជារបៀបលេងរបស់គ្រូ។
គួរបញ្ជាក់ថា កម្ពុជាស្ថិតក្នុងពូល B សម្រាប់វិញ្ញាសាបាល់ទាត់បុរសដែលមានថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ។ U23 កម្ពុជាបើកឆាកតទល់ឡាវ នៅថ្ងៃទី០៩ ខែឧសភា៕
ដោយ គីរីដងរែក