ោក Nikolay Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារទី១៧ខែឧសភាថា ប្រទេសលោកខាងលិច បានប្រើប្រាស់អ៊ុយក្រែន ធ្វើជាលេសសម្រាប់ “សង្រ្គាមមិនប្រកាស” ប្រឆាំងនឹងទីក្រុងមូស្គូ។
លោក Nikolay Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី
ថ្លែងក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាវិទ្យាសាស្ត្រ របស់ក្រុមប្រឹក្សាសន្តិសុខ លោក Patrushev បាននិយាយថា “វិបត្តិភូមិសាស្ត្រនយោបាយមិនធ្លាប់មានពីមុនមកនាពេលបច្ចុប្បន្ននេះ គឺបណ្តាលមកពីការបំផ្លិចបំផ្លាញស្ថាបត្យកម្មសន្តិសុខពិភពលោក និងប្រព័ន្ធច្បាប់អន្តរជាតិ ដែលបង្កឡើងដោយលោកខាងលិច”។
លោកអះអាងថា ជំនួសឲ្យការចូលរួមក្នុងកិច្ចសន្ទនាក្នុងន័យស្ថាបនាជាមួយទីក្រុងមូស្គូ, សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេបានធ្វើការពង្រីកនយោបាយ-យោធា ឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី ហើយបានបង្កើតការគាំទ្រដល់អាជ្ញាធរអ៊ុយក្រែន និងបានជំរុញឲ្យទីក្រុងកៀវ អនុវត្តសកម្មភាពហិង្សាទ្រង់ទ្រាយធំនៅភាគខាងកើតប្រទេសអ៊ុយក្រែន”។
តាមគំនិតរបស់លោក Patrushev, គោលបំណងសំខាន់របស់បស្ចិមលោក គឺបង្កើតលក្ខខណ្ឌសម្រាប់ការបង្កើតរបបគ្រប់គ្រងដោយលោកខាងលិចនៅក្នុងប្រទេសរុស្ស៊ី ដូចដែលពួកគេបានសាកល្បងរួចទៅហើយនៅអ៊ុយក្រែន និងរដ្ឋមួយចំនួនផ្សេងទៀត”។
លោកអះអាងថា ការវាយលុកយោធាលើអ៊ុយក្រែន បានរារាំងរឿងនេះមិនឲ្យកើតឡើង។ ទីក្រុងមូស្គូ ត្រូវតែចាត់វិធានការការពារ ចាប់តាំងពីការគំរាមកំហែងសន្តិសុខជាតិ បានឈានដល់កម្រិតមួយដែលបង្កគ្រោះថ្នាក់ដល់ភាពជារដ្ឋរបស់រុស្ស៊ី និងអត្ថិភាពរបស់ខ្លួន។
គោលនយោបាយដាក់ទណ្ឌកម្មបច្ចុប្បន្ន និង យុទ្ធនាការប្រឆាំងរុស្ស៊ីជាសាកល ដែលបានចាប់ផ្តើមដោយអាមេរិក និងបក្សពួករបស់ពួកគេ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា អ៊ុយក្រែនបានក្លាយជាលេសសម្រាប់ធ្វើសង្រ្គាមមិនប្រកាសប្រឆាំងនឹងរុស្ស៊ី។
គួររម្លឹកថា រុស្ស៊ីបានវាយប្រហាររដ្ឋជិតខាងកាលពីចុងខែកុម្ភៈ បន្ទាប់ពីអ៊ុយក្រែន មិនអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀងទីក្រុង Minsk ដែលបានចុះហត្ថលេខាជាលើកដំបូងនៅក្នុងឆ្នាំ ២០១៤ និងការទទួលស្គាល់របស់ទីក្រុងមូស្គូចំពោះសាធារណរដ្ឋ Donetsk និង Lugansk នៅតំបន់ Donbass៕
ដោយគីរីដងរែក