អតីតប្រធានអង្គការណាតូលោក Anders Fogh Rasmussen បាននិយាយថា កងកម្លាំងរុស្ស៊ីមិនទាន់ប្រើអាវុធថ្មីៗនៅឡើយទេក្នុងសង្គ្រាមលុកលុយលើអ៊ុយក្រែន ដែលអូសបន្លាយពេលជាង ៩ ខែមកនេះ ។
ថ្លែងក្នុងកិច្ចប្រជុំអង្គការណាតូនៅទីក្រុង Bucharest ប្រទេសរ៉ូម៉ានីក្នុងសប្ដាហ៍នេះ លោក Fogh Rasmussen បានលើកឡើងថា កងទ័ពរុស្ស៊ីកំពុងប្រើអាវុធចាស់ៗ មិនមែនប្រើអាវុធថ្មីៗវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងទីក្រុងនានារបស់អ៊ុយក្រែន ។
បច្ចុប្បន្នអាកាសធាតុនៅអ៊ុយក្រែនកំពុងធ្លាក់ចុះត្រជាក់បណ្ដើរៗហើយ ស្របពេលដែលការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបានធ្វើឲ្យមនុស្សរាប់លាននាក់គ្មានអគ្គិសនី និងទឹកប្រើប្រាស់ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Fogh Rasmussen ក៏បានជំរុញឲ្យអង្គការណាតូបង្កើនការបញ្ជូនអាវុធបន្ថែមទៀតទៅឲ្យអ៊ុយក្រែនផងដែរ ។
លោកបញ្ជាក់ថា អ៊ុយក្រែនបានបង្ហាញប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់សព្វាវុធដែលខ្លួនបានទទួលរួចហើយ ហើយប្រសិនបើណាតូ និងសម្ព័ន្ធមិត្តបន្តការបញ្ជូនអាវុធបែបនេះទៀត នោះអ៊ុយក្រែនពិតជាអាចឈ្នះសង្គ្រាមមួយនេះប្រឆាំងនឹងកងកម្លាំងយោធារុស្ស៊ី ដែលកំពុងប្រើប្រាស់ឧបករណ៍យោធាសម័យបុរាណ ៕






ប្រែសម្រួលដោយគីរីដងរែក




