មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបាននិយាយថាកងកម្លាំងរុស្ស៊ីនឹងបាញ់ស្រោចកាំជ្រួចមីស៊ីលទ្រង់ទ្រាយធំលើអ៊ុយក្រែន ទាំងនៅមុន និងចំថ្ងៃខួប ១ ឆ្នាំនៃប្រតិបត្តិការសឹកដែលនឹងឈានដល់នាថ្ងៃសុក្រសប្ដាហ៍នេះ ។
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃអាទិត្យថា រុស្ស៊ីនឹងបាញ់កាំជ្រួចមីស៊ីល និងមីស៊ីលផ្លោង ប្រឆាំងនឹងប្រទេសរបស់លោក ចាប់ពីថ្ងៃអង្គារដល់ថ្ងៃសុក្រ ។
ទន្ទឹមនោះ លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន លោក Oleksiy Danilov ក៏បាននិយាយដូចគ្នានេះដែរថារុស្ស៊ីកំពុងរៀបចំការវាយប្រហារដោយមីស៊ីលខ្នាតធំប្រឆាំងនឹងប្រទេសរបស់លោក ជាពិសេសនៅថ្ងៃសុក្រដែលចំខួប ១ ឆ្នាំនៃប្រតិបត្តិការសឹក ។
ស្របពេលជាមួយគ្នានេះ ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសៅរ៍ថា យោធារុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលរួចទៅហើយ លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅតំបន់ Khmelnytskyi ភាគខាងលិច ជាពិសេសផ្ដោតលើរោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងតំបន់នោះ ដូច្នេះវាច្បាស់ណាស់ថា រុស្ស៊ីនឹងបន្តបាញ់ផ្លោងមីស៊ីលរហូតដល់ថ្ងៃខួប ១ ឆ្នាំ ។
គួរបញ្ជាក់ថា ប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងឈានដល់ខួប ១ ឆ្នាំនាថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ បន្ទាប់ពីលោក ពូទីន ប្រកាសបើកការវាយលុយលើទីក្រុងកៀវកាលពីខែកុម្ភៈ ឆ្នាំ២០២២ ក្រោយមានសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ៕



ប្រភព Aljazeera ប្រែសម្រួលដោយគិរីដងរែក




