ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា កងទ័ពរុស្ស៊ីនឹងមាន «ផ្លូវបើកចំហ» ឆ្ពោះចូលទៅកាន់ភាគខាងកើតអ៊ុយក្រែន ប្រសិនបើដណ្តើមបានទីក្រុងបាកមូត (Bakhmut) ដែលត្រូវបានឡោមព័ទ្ធនោះ។
លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «យើងយល់ថា បន្ទាប់ពីបាកមូត កងកម្លាំងរុស្ស៉ីអាចបន្តរុលទៅមុខទៀត។ ពួកគេអាចចូលទៅដល់ទីក្រុងក្រាម៉ាតូស្ត៍ (Kramatorsk) ឬស្លូវីយ៉ាន់ស្ក៍ (Sloviansk) ក្នុងទិសដៅនៃតំបន់ដូណេត (Donetsk)»។
លោក ហ្សេលេនស្គី បានបន្ថែមថា «កាលពីម្សិលមិញ ខ្ញុំបានជួបជាមួយអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធ និងមេបញ្ជាការយោធា ដោយពួកគេទាំងអស់គ្នាបានប្តេជ្ញារឈរជើងយ៉ាងរឹងមាំ ដើម្បីការពារទីក្រុងនេះ។ ពិតណាស់ថា យើងត្រូវគិតគូអំពីជីវិតរបស់យោធារបស់យើង។ ប៉ុន្តែយើងត្រូវតែធ្វើអ្វីដែលយើងអាចធ្វើបាន ខណៈយើងកំពុងតែទទួលបានសព្វាវុធ ការផ្គត់ផ្គង់ ហើយកងទ័ពរបស់យើងកំពុងត្រៀមខ្លួនសម្រាប់ការវាយលុក»។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នានៅសមរភូមិបាកមូត ដែលជាទីក្រុងរ៉ែអំបិលមានប្រជាជនរស់នៅមុនសង្គ្រាមចំនួន ៨០,០០០នាក់ គឺមានរយៈពេលយូរ និងការបង្ហូរឈាមបំផុត គិតចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីជាងមួយឆ្នាំមកនេះ៕



ប្រភព Radio Free Europe / Radio Liberty ប្រែសម្រួលដោយគិរីដងរែក




