លោក Ranil Wickremesinghe ប្រធានាធិបតីស្តីទីនៃប្រទេសស្រីលង្កា នៅថ្ងៃចន្ទទី១៨ខែកក្កដានេះ បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ខណៈក្រុមបាតុករនៅតែបន្តធ្វើបាតុកម្ម ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីអតីតមេដឹកនាំរបស់ប្រទេស គឺលោក Gotabaya Rajapaksa ត្រូវបានបង្ខំឲ្យភៀសខ្លួនកាលពីសប្តាហ៍មុន។
លោក Ranil Wickremesingheសេចក្តីជូនដំណឹង ដែលចេញផ្សាយកាលពីថ្ងៃចន្ទបានឲ្យដឹងថា “វាជារឿងចាំបាច់ ដែលត្រូវធ្វើ ដើម្បីផលប្រយោជន៍សន្តិសុខសាធារណៈ ការការពារសណ្តាប់ធ្នាប់សាធារណៈ និងការថែរក្សាការផ្គត់ផ្គង់ និងសេវាកម្មចាំបាច់សម្រាប់ជីវិតរបស់សហគមន៍”។
ច្បាប់គ្រាអាសន្នទូទាំងប្រទេស ត្រូវបានប្រកាសនៅលើកោះនេះ ពីរថ្ងៃមុនការបោះឆ្នោតសភា ដើម្បីជ្រើសរើសអ្នកស្នងតំណែងលោក Gotabaya Rajapaksa ដែលបានភៀសខ្លួនទៅកាន់ប្រទេសសិង្ហបុរីតាមរយៈប្រទេសម៉ាល់ឌីវ កាលពីថ្ងៃទី ១៣ ខែកក្កដា។
លោក Rajapaksa បានចុះចេញពីតំណែង បន្ទាប់ពីបាតុករប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់ នាំគ្នាសម្រុកចូលវិមានប្រធានាធិបតី និងលេខាធិការដ្ឋានកាលពីថ្ងៃទី៩ ខែកក្កដា។
ពួកគេបានស្តីបន្ទោសរដ្ឋាភិបាលរបស់គាត់ដែលបានឡើងកាន់អំណាចក្នុងឆ្នាំ ២០១៩ ចំពោះការដួលរលំសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា ដែលធ្វើឲ្យមនុស្សចំនួន២២លាននាក់គ្មានអាហារ និងគ្មានប្រេងឥន្ធនៈគ្រប់គ្រាន់អស់រយៈពេលជាច្រើនខែ។
លោក Wickremesinghe គឺជាអ្នកនាំមុខគេ នៅក្នុងការបោះឆ្នោតប្រធានាធិបតី ដែលគ្រោង ធ្វើឡើងនៅថ្ងៃទី ២០ ខែកក្កដា។
ការតវ៉ាដែលគេស្គាល់ថា “Gota Go Home” បានអូសបន្លាយពេលដល់គម្រប់១០០ថ្ងៃកាលពីថ្ងៃអាទិត្យ ខណៈក្រុមបាតុករនិយាយថា ពួកគេនឹងមិនដកថយទេ លុះត្រាតែសភាធានាថា Gotabaya មិនត្រូវបានជ្រើសរើសជាប្រធានាធិបតីបន្ទាប់៕






ប្រភព VOA ប្រែសម្រួលដោយគីរីដងរែក