26 C
Phnom Penh
Sunday, December 22, 2024
- Advertisement -spot_img

រថយន្ត Ford Ranger Raptor ជំនាន់ថ្មីបានប្រកាសចេញជាផ្លូវការ

- Advertisement -spot_img

កាលពីថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2022 ក្រុមហ៊ុន Ford Motor Company បានប្រកាសចេញជាផ្លូវការនៃរថយន្ត Ford Ranger Raptor ជំនាន់ទី 2 របស់ខ្លួនដែលរថយន្តនេះនឹងក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកចូលចិត្តបើកបរផ្លូវដែលមានឧបសគ្គ (Off-Road Performance) ។ Ford Ranger Raptor មួយនេះគឺជាត្រកូលចុងក្រោយនៃ Ford Ranger ជំនាន់ថ្មី (Next-Gen Ranger) ដែលមានភាពឆ្លាតវៃ និងធន់រឹងមាំជាងដែលនឹងក្លាយជាកំពូលរថយន្ត Pickup ក្នុងត្រកូល Ranger។

រូបរាងផ្នែកខាងក្រៅដ៏ទាក់ទាញ ជាមួយនឹងប៉ាណាអក្សរ FORD ធំចំកណ្តាលបង្ហាញពីអំណាច និងអនុភាព ចង្កៀងប្រភេទ Matrix LED យ៉ាន់កង់អាលុយមីញ៉ូមបែបស្ព័រទំហំ 17 អ៊ីញ និងសំបកកង់ Off-Road ម៉ាក BFGoodrich។

ផ្នែកខាងក្នុងត្រូវបានយកពណ៍ក្រហមមករំលេចជាថ្នេរដេរ កៅអីបែបស្ព័រស្រដៀងទៅនឹងរថយន្តស្ព័រ កុងទ័រឌីជីថលថ្មីស្រឡាងទំហំ 12.4 អ៊ីញ អេក្រង់ Touchscreen ទំហំ 12 អ៊ីញ ប្រើប្រាស់ប្រព័ន្ធប្រត្តិបត្តិការ SYNC 4A ជំនាន់ថ្មី និងឧបករណ៍បំពងសម្លេងម៉ាក B&O ដែលកាលពីមុនមានបំពាក់តែនៅលើ Ford F-150 Raptor តែប៉ុណ្ណោះ។

ចំណុចដែលផ្លាស់ប្តូរធំបំផុតនោះគឺជម្រើសម៉ាស៊ីននៃរថយន្ត ជាលើកដំបូងដែលក្រុមហ៊ុន Ford បានបំពាក់ម៉ាស៊ីន Twin-Turbo 3.0L EcoBoost V6 ដែលជាប្រភេទម៉ាស៊ីនសាំងជំនាន់ថ្មី ដែលអាចផលិតកម្លាំងសេះរហូតដល់ទៅ 392HP និងកម្លាំងរមួលដល់ទៅ​ 583Nm និងជម្រើសមួយទៀតនោះគឺ ម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo ជំនាន់ថ្មី។

ជាមួយនឹងប្រអប់លេខអេឡិចត្រូនិច 10 វគ្គអូតូជំនាន់ថ្មីដែលអាចប្រើប្រាស់បានទាំងលេខអូតូ និងលេខដៃដែលបង្កើតឡើងយ៉ាងពិសេសសម្រាប់ Ranger ជំនាន់ថ្មី (Next-Gen Ranger) ដំណើរការរួមគ្នាជាមួយនឹងម៉ាស៊ីនជំនាន់ថ្មីធ្វើឲ្យរថយន្ត Ford Ranger Raptor ជំនាន់ថ្មីនេះអាចជំនះបានគ្រប់ស្ថានភាពផ្លូវដូចជា៖ ផ្លូវគ្រួស ភក់ ផុក និងផ្លូវខ្សាច់។ល។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ អាចជ្រើសរើស Mode នៃការដំណើរការម៉ាស៊ីនបានផងដែរ នេះប្រៀបបានទៅនឹងរថយន្តស្ព័រយ៉ាងអញ្ចឹង។ អ្នកបើកបរអាចជ្រើសរើស Mode ឬជម្រើសនៃសម្លេងម៉ាស៊ីននៅលើចង្កូតផ្ទាល់តែម្តងរួមមាន៖

  • សម្លេងស្ងាត់ (Quiet): កាត់បន្ថយសម្លេងរំខានពីម៉ាស៊ីន ល្អសម្រាប់ពេលបើកបររថយន្តនៅកន្លែងស្ងប់ស្ងាត់ការពារសម្លេងរំខានដល់អ្នកដទៃ
  • សម្លេងធម្មតា (Normal): បញ្ចេញសម្លេងធម្មតាពីម៉ាស៊ីន ដែលស័ក្តិសមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ
  • សម្លេងបែបស្ព័រ (Sport): បញ្ចេញសម្លេងលឺខ្លាំងពីម៉ាស៊ីន ដែលអាចប្រើប្រាស់ពេលបើកបរល្បឿនលឿន ឬបើកបរបែបស្ព័រ
  • សម្លេងបែបស្ព័រខ្លាំង (Baja): សម្រាប់ Mode មួយនេះវិញវានឹងបញ្ចេញសម្លេងខ្លាំងពីម៉ាស៊ីន  ដែលធ្វើឲ្យការបើកបរកាន់តែមានអំណាច និងថាមពល ដែលសម្រាប់ Mode មួយនេះគឺអាចប្រើប្រាស់បានតែជាមួយនឹងការបើកបរលើផ្លូវមានឧបសគ្គតែប៉ុណ្ណោះ។

រថយន្ត Ford Ranger Raptor ជំនាន់ថ្មីនេះក៏ត្រូវបានកែប្រែប្រព័ន្ធជើងក្រោមថ្មីទាំងស្រុងដែរ ជាក់ស្តែងសាក់ស៊ីទាំងមូលត្រូវបានផ្លាស់ប្តូរថ្មីទាំងស្រុង មិនត្រឹមតែខុសពីស៊េរីឆ្នាំមុនៗនោះទេ តែថែមទាំងខុសប្លែកពីរថយន្ត Ford Ranger ជំនាន់ថ្មីទៅទៀត។ ជាមួយនឹងគ្រោងរថយន្តថ្មី ឃ្លុបក្រោយថ្មី និងស៊ុមរថយន្តថ្មី និងប្រព័ន្ធជើងក្រោមធន់រឹងមាំជាងមុន ដើម្បីប្រាកដថារថយន្ត Ford Ranger Raptor ជំនាន់ថ្មីពិតជាអាចជំនះបានគ្រប់ឧបសគ្គនៃការបើកបរ។

ចំណុចមួយដែល Ford មិនអាចភ្លេចបាននោះគឺការបំពាក់បូម Fox នៅលើប្រភេទរថយន្ត Raptor សម្រាប់លើកនេះ Ford Ranger Raptor ជំនាន់ថ្មីត្រូវបានបំពាក់ដោយបូម FOX 2.5 inch Live Valve Internal Bypass shock ជំនាន់ថ្មី ដែលមានសមត្ថភាពខ្ពស់ជាងមុនទាំងការបើកបរលើផ្លូវធម្មតាដែលវាជួយសម្រួលឲ្យមានភាពផាសុកភាពជាងមុន និងការបើកបរលើផ្លូវមានឧបសគ្គដែលអាចបើកបរទាំងល្បឿនលឿន ឬយឺតដោយគ្មានបញ្ហា។ មិនតែប៉ុណ្ណោះខែលដែកថែបការពារផ្ទៃផ្នែកខាងក្រោមត្រូវបានបង្កើនទំហំធំជាងមុនស្ទើរទ្វេដងលើសរថយន្ត Ford Ranger ជំនាន់ថ្មី និងត្រូវបានប្រើប្រាស់ដែកថែបពិសេសកម្រាស់ 2.3 មីលីម៉ែត្រមកធ្វើ។ ជាលើកដំបូងដែលរថយន្ត Ford Ranger Raptor ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងប៉ុងថ្មី (Advanced Permanent Four-Wheel Drive System) ជាមួយនឹងប្រព័ន្ធចាប់ប៉ុងរថយន្តទាំងកង់មុខ និងកង់ក្រោយដែលសម្រួលពេលជាប់ផុង (Front and Rear Locking Differentials)

លោក Dave Burn ជាប្រធានគ្រប់គ្រងវិស្វករនៃរថយន្ត Ford Ranger Raptor បានមានប្រសាសន៍ថា៖ “Ranger Raptor បានបំផុសគំនិតចេញពីអ្នកប្រណាំងឡានលើវាលខ្សាច់ ដូច្នេះហើយទើបយើងបានរចនារថយន្ត Off-Road Pickup ជំនាន់ថ្មីមួយដែលលោកអ្នកពុំចាំបាច់យកវាទៅកែច្នៃ (Modify) បន្ថែមនោះទេ។”

សម្រាប់​ Mode នៃការបើកបរមានរហូតទៅដល់ 7 ហើយពណ៍នៅលើកុងទ័រ និងប្តូរពណ៍ទៅតាម Mode នៃការបើកបរដែលលោកអ្នកជ្រើសរើសដូចជា៖

  • ផ្លូវធម្មតា (Normal) សម្រាប់បើកបរផ្លូវធម្មតា និងការប្រើប្រាស់សន្សំសំចៃប្រេង
  • ការបើកបរបែបស្ព័រ (Sport) សម្រាប់ការបើកបរផ្លូវល្បឿនលឿនដែលត្រូវការកម្លាំងខ្លាំង
  • ផ្លូវរអិល (Slippery) សម្រាប់ការបើកបរលើផ្លូវរអិល ដែលវាជួយទប់លំនឹងរថយន្តបន្ថែម
  • ផ្លូវថ្ម គ្រួស (Rock Crawl) សម្រាប់ការបើកបរលើផ្លូវដែលមានថ្ម មានគ្រួស
  • ផ្លូវខ្សាច់ (Sand) សម្រាប់ការបើកបរលើផ្លូវខ្សាច់ និងផ្លូវដែលមានព្រិលក្រាស់
  • ផ្លូវភក់ (Mud/Ruts) សម្រាប់ការបើកបរលើផ្លូវដែលមានភក់ ផុកដែលវាជួយទប់លំនឹងរថយន្តបានល្អ
  • ផ្លូវឧបសគ្គ (Baja) សម្រាប់ការបើកបរលើផ្លូវដែលមានឧបសគ្គច្រើន និងអាចបើកបរក្នុងល្បឿនលឿន

មុខងារថ្មីមួយដែលទើបតែមានបំពាក់នៅលើរថយន្ត Ford Ranger Raptor ជំនាន់ថ្មីនោះគឺ Trail Control ដែលអនុញ្ញាតឲ្យអ្នកបើកបរកំណត់ល្បឿនថេរមិនលើសពី 32Km/h ក្នុងស្ថានភាពផ្លូវលំបាក និងមានឧបសគ្គដែលវាស្រដៀងទៅនឹងប្រព័ន្ធ Cruise Control ដែរ។ ប្រិយមិត្តយល់យ៉ាងណាដែរចំពោះការប្រកាសចេញនៃរថយន្ត Ford Ranger Raptor ជំនាន់ថ្មីនេះ?

អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img