រថយន្ដសណ្ដោយកុងតឺន័រមួយគ្រឿងបានក្រឡាប់ផ្ងាជើងកាត់ទទឹងផ្លូវ បន្ទាប់ពីបុករថយន្ដ MAZDAពីក្រោយ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៧និង០៥នាទីព្រឹក ថៃ្ងទី៣០ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៩៩-១០០ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កជាប្រភេទរថយន្ដសណ្ដោងកុងតឺន័រ ពណ៌ ស ពាក់ស្លាកលេខពោធិ៍សាត់ 3A- 07 4 8 សណ្ដោងស៊ឺមីរ៉ឺម៉កពាក់ស្លាកលេខភ្នំពេញ 4A – 05 86 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេចខ្លួន) បើកបរពីទិសខាងលិចទៅទិសខាងកើត ពេលមកដល់ចំណុចខាងលើបានបុកពីក្រោយរថយន្តម៉ាក MAZDA ពណ៌ស ពាក់ស្លាកលេខភ្នំពេ ញ 2AZ-4466 បើកបរដោយឈ្មោះ យួត ហេងប៊ុនណា ភេទប្រុស អាយុ២៥ រស់នៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ក្នុងទិសដៅស្របទិសគ្នា។
បន្ទាប់ពីកើតហេតុគ្រោះថ្នាក់ចរាចរណ៍ កម្លាំងនគរបាលបានចុះដល់ទីតាំងកើតហេតុដើម្បីជួយសម្រួលកុំឲ្យមានការកកស្ទះ និងទំនាក់ទំនងរថយន្ដស្ទូចដើម្បីស្ទួចយកទៅរក្សាទុករង់ចាំដោះស្រាយតាមផ្លូវច្បាប់៕





ដោយគីរីដងរែក




