កំពង់ចាម ៖ លោក ហង់ជួន ណារ៉ុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំបានបញ្ជាក់ថា សម័យប្រលងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នេះ សិស្សជាប់និទេស A មានការថយចុះជាង ១,០០០ នាក់ ទូទាំងប្រទេស បើប្រៀបធៀបនៅឆ្នាំ ២០២៥ ដោយសារមុខវិជ្ជាគណិតវិទ្យាឆ្នាំនេះ មានកំរិតលំបាកជាងឆ្នាំមុន។
លោករដ្ឋមន្ត្រីបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ៤ ខែកញ្ញាឆ្នាំ ២០២៦ ខណៈពេល អញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ការងារជូនបុគ្គលិកអប់រំ ក្នុងខេត្តកំពង់ចាម ដែលប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តកំពង់ចាម មន្ទីរអង្គភាពពាក់ព័ន្ធ និងលោកគ្រូ អ្នកគ្រូ ប្រមាណជាង៦០០នាក់។
ស្ថិតក្នុងឱកាសនោះ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិកអប់រំខេត្តកំពង់ចាម ដែលបានបំពេញការងារប្រកបដោយស្នាដៃ និងវិជ្ជាជីវៈខ្ពស់ សម្រេចបានលទ្ធផលគួរជាទីពេញចិត្តនិងសមិទ្ធផលលើវិស័យនានាក្នុងខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។ ចំពោះវិស័យអប់រំ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអបអរនូវលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី ១០ ខែសីហាកន្លងទៅនេះ ដែលខេត្តកំពង់ចាមទទួលបានអត្រាជាប់ ៨៥ភាគរយ គឺលើសអត្រាថ្នាក់ជាតិ ១ភាគរយ និងសិស្សជាប់និទ្ទេស A ចំនួន ១០០ នាក់ ៕








ដោយសំនៀង គិរីដរែក




